ខេត្តកំពង់ធំ៖ កម្លាំងចម្រុះរបស់ស្រុកបារាយណ៍ សន្ទុក ដឹកនាំដោយលោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម មានគ្នាសរុបចំនួន១០នាក់ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានចុះបង្ក្រាបបទល្មើសដឹកអុសងាប់ៗ តាមកាឡេថង បានចំនួន៥គ្រឿង អូសយកមករក្សាទុក នៅគល់ស្ពានបាក់ស្នា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរកសុីដឹកអុសងាប់ៗតាមកាឡេថងនោះ បានឲ្យ ដឹងថា ពួកគាត់បានដើរកាត់អុសងាប់ៗ មិនបានកាត់ឈើស្រស់ៗនោះទេ គឺនៅក្នុងទឹកដីឃុំបឹងល្វា មិនបានទៅកាត់ក្នុងព្រៃអង់តែនទេ ។
លោកម៉ង់ រដ្ឋា ជំនួយការលោកបណ្ឌិត អនុប្រធានទី១ រដ្ឋសភាជាតិ លោកបានមានប្រសាសន៍ ថាៈ លោកមានការសោកស្តាយ ចំពោះសកម្មភាពមួយចំនួន ដែលមន្ត្រីមួយចំនួនចុះអនុវត្តន៍ មិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ។
ករណីរឿងនេះ លោកនឹងពិនិត្យឃើញថាៈ អ្នករកសុីដឹកអុសងាប់ៗតាមបាតចំការ ដោយគោយន្តកន្ត្រៃ ហៅកាឡេថង មិនមែនកើតមានតែថ្ងៃនេះទេ គឺកើតមាន៤ទៅ៥ឆ្នាំកន្លងមកហើយៗដឹកជញ្ជូនជារៀងរាល់ថ្ងៃ ចុះបើទង្វើរបស់ប្រជាពលរដ្ឋ មានការខុសឆ្គងផ្លូវច្បាប់មែននោះ ម្តេចមិនមានវិធានការទប់ស្កាត់ តាំងពីដើមឈើនៅពាសពេញព្រៃ បែរជាឈើអស់ពីព្រៃរលីងហើយបានជានាំគ្នាចុះទៅបង្ក្រាប ឬក៏មមីមមើទើបភ្ញាក់ពីដេក ។
ប្រជាពលរដ្ឋទាំង៥នាក់ ដែលសមត្ថកិច្ចចាប់កាឡេថងនោះបានប្រាប់ ថាៈ មុននឹងចូលដឹក និងដឹក បានបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវអស់ហើយ នៅតែចាប់ទៀត ចុះចំណែកឈ្មួញអុសធំៗដឹក១យប់ៗពី១០ទៅ២០ឡានមិនដែលឃើញមេព្រៃទាំងនោះចាប់បានម្តងណាឡើយ មិនដឹងថា ក្រុមឈ្មួញធំៗទាំងនោះ គេសែនដាក់អីទេ ។
លោក ឈាង មាលា នាយសង្កាត់រដ្ឋាព្រៃឈើក្រយា បានឲ្យដឹងថា ការចាប់ឃាត់អុសចម្រុះយកមកដាក់នៅគល់ស្ពានបាក់ស្នានេះ ដោយសារពួកគេដឹកល្មើសច្បាប់ ។
ចំណែកលោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានប្រាប់ថា ការចាប់ឃាត់អុសទាំង៥កាឡេថងនេះ គឺលោកទទួលបទបញ្ជាពីព្រះរាជអាជ្ញា សូមកុំសួរច្រើនទុកពេលឲ្យលោកធ្វើតាមនីតិវិធីសិនទៅបានហើយ ក៏បិទទូរស័ព្ទបាត់ ៕ ប៊ុនរិទ្ធី