ភ្នំពេញ៖ គួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណៈបុរសម្នាក់ជិះម៉ូតូយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកឃឿនទ្រួងផ្លូវបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម៉ូតូឃ្លាតឆ្ងាយពីសពប្រហែល២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយមានម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9215 នៅក្បែរសពប្រហែល២០ម៉ែត្រ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯង យ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ មិនប្រយ័ត្ន ក៏ជ្រុលទៅបុកឃឿនទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម រីឯម៉ូតូបានខ្ទាតឆ្ងាយពីសព ប្រហែល៥០ម៉ែត្រ រងការខូចខាត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិ ។
ចំណែកសពជរងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យរថយន្តដឹកសព យកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ