ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនិងសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩បានក្លាយជាប្រវត្តិសាស្ត្រក្រោម ការរៀបចំរបស់រដ្ឋាភិបាល យោធាដោយ លទ្ធផលបោះឆ្នោតមិនត្រូវបានប្រកាស ហើយពន្យារពេលជាបន្តបន្ទាប់ដោយមិនលើកហេតុផល។ ក្រៅពីនេះនៅមានបញ្ហាបន្លំសន្លឹកឆ្នោត ភាពមិនប្រក្រតីជាច្រើន បានកើតឡើង។
កត្តាទាំងនោះហើយទើបអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាបាន ចេញ មុខប្រកាសថា លោកមិនស្មានដល់ថា របបសឹកថៃបានបំផ្លាញប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យនៅក្នុងប្រទេសថៃនោះឡើយ។ដោយសារតែចង់បានអំណាចរដ្ឋាភិបាល ហ៊ានធ្វើគ្រប់យ៉ាង ដោយមិនគិតពីលទ្ធផល អាក្រក់ បំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់នយោបាយនៅក្នុងប្រទេសថៃនោះទេ។
ក្រុមអ្នកឯកទេសវិភាគបានលើក ឡើង ថា រដ្ឋាភិបាលយោធាពេលនេះបានដឹង យ៉ាងច្បាស់ថា ទំហំនៃក្តីស្រឡាញ់របស់ ពលរដ្ឋទៅលើគណបក្ស ភឿថៃយ៉ាងធំធេងមិនអាចកែប្រែបានឡើយ។ ការខិតខំពន្យារពេលបោះឆ្នោតដល់ទៅ៥ឆ្នាំក្រោយពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់ មកទល់ពេលនេះ រដ្ឋាភិបាលយោធានៅតែមិនអាចបង្វែងការគាំទ្រគណបក្សភឿថៃពីពលរដ្ឋបានឡើយ។ ទាំងនោះហើយ ទើបរដ្ឋាភិបាលយោធា ប្រើគ្រប់មធ្យោបាយ «ផ្លូវកាត់, ផ្លូវក្នុង» ឲ្យតែទទួលបានជោគ ជ័យហើយនៅតែមិនជោគជ័យទៀត។
គណបក្សភឿថៃបានស្នើឲ្យបើកការស្រាវជ្រាវលើករណីសន្លឹកឆ្នោត «ខ្មោច កាតបោះឆ្នោត ខ្មោច …បង្ហាញវត្តមាននៅក្នុងខេត្តចំនួន១០។
នៅពេលនេះរដ្ឋាភិបាលអាមេរិកបានដាក់គំនាបទៅលើរដ្ឋាភិបាល ថៃ ត្រូវតែ ប្រកាសលទ្ធផលបោះឆ្នោតឲ្យបានឆាប់ បំផុត និងបើកការស្រាវជ្រាវពីករណីកែ្លង បន្លំសន្លឹក ឆ្នោតជាដើម។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino ដែលបានបញ្ជាក់កាលពីថ្ងៃទី២៦ខែមីនាថា «យើងខ្ញុំ(អាមេរិក)កៀកស្មាជាមួយពលរដ្ឋថៃ ដោយអំពាវនាវឲ្យប្រកាសលទ្ធផលបោះឆ្នោតជាបន្ទាន់ និងស្រាវជ្រាវប្រកបដោយតម្លាភាពពីការបន្លំសន្លឹកឆ្នោត ។
ជាមួយគ្នានោះដែរ ពលរដ្ឋថៃ ប្រមាណជាជាង៤០០.០០០នាក់ នឹងកើនឡើងជាបន្តទៀត បានចុះហត្ថលេខាលើលិខិត ទាមទារឲ្យរំលាយចោលគណៈកម្មាធិការបោះឆ្នោត ព្រោះពុំមានវិជ្ជាជីវៈក្នុងការបំពេញបេសកកម្មដែលធានាដល់ការបោះឆ្នោត ដោយសេរីនិងតម្លាភាព។
គណៈកម្មាធិការបោះឆ្នោតថៃរងការរិះគន់កាន់តែខ្លាំង ចំពោះការគ្រប់គ្រងលើការរាប់សន្លឹកឆ្នោតនិងលើការប្រកាសលទ្ធ ផលនៃការបោះឆ្នោតនោះ។ តាមបណ្ដាញសង្គមនិងសារព័ត៌មានថៃនានា អ្នកបោះឆ្នោតជាច្រើនចាប់សួរថា តើការរាប់សន្លឹកឆ្នោតធ្វើត្រឹមត្រូវនិងស្មើភាពដែរឬយ៉ាងណា។ គណៈកម្មាធិការបោះឆ្នោតនោះរងការរិះគន់កាន់តែខ្លាំង ពីការចេញផ្សាយលទ្ធផលច្របូកច្របល់មិនច្បាស់លាស់។ ម្ដងថាគណបក្សពួកយោធាPHALANG PRACHARAT ទទួលបានសំឡេងច្រើនលើសគណបក្សភឿថៃ ធ្វើឲ្យមនុស្សជា ច្រើនមានការភ្ញាក់ផ្អើល។
គណៈកម្មាធិការរៀបចំបោះឆ្នោតហាក់ពុំមានភាពប្រាកដប្រជា។ ម្ដងថាគណបក្សប្រឆាំងភឿថៃទទួលបានកៅអីភាគច្រើន ដល់១៣៧ ហើយពួកយោធាបានត្រឹម៩៧។ ប៉ុន្តែបន្ទាប់មកបែរជាថា គណបក្សពួកយោធាមានសំឡេងនាំមុខគណបក្សប្រឆាំងដល់៥០០.០០០សំឡេង។ ពួកប្រឆាំងបានបដិសេធការអះអាងនោះដោយ ថា មានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងច្រើនស្ទើគ្រប់កន្លែងក្នុងប្រទេស។
ក្នុងពេលដែលកំពុងរង់ចាំលទ្ធផលបោះឆ្នោតពីគណៈកម្មាធិការរៀបចំការបោះឆ្នោត បណ្តាបក្សនយោបាយក្នុងនោះមានគណបក្សភឿថៃកំពុងស្វែងរកដៃគូ បង្កើតរដ្ឋាភិបាលចម្រុះ។ នៅថ្ងៃទី២៧ខែមីនា គណបក្សភឿថៃ បានប្រកាសអំពី គម្រោងធ្វើសម្ពន្ធភាពជាមួយគណបក្សនយោបាយមួយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដឹកនាំប្រទេសនាពេលខាងមុខ ។
ប្រភពបញ្ជាក់ថា គណបក្សភូមចាយថៃ (Bhumjaithai Party) ត្រូវបានគណបក្សភឿថៃស្នើឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ក្នុងនោះមេដឹកនាំគណបក្សភូមចាយ នឹងធ្វើជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីយ៉ាងណាគេនៅមិនទាន់ដឹងថា គណបក្សនេះ យល់ព្រមចូលរួមជាមួយគណបក្សភឿថៃឬយ៉ាងណានោះទេ ។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមីនា នេះ គណបក្សភឿថៃនឹងធ្វើសន្និសីទកាសែតស្តីអំពីបញ្ហាខាងលើនេះ ។ ប្រភពដដែលបញ្ជាក់ថា គណបក្សភឿថៃ និងគណបក្សសម្ពន្ធមិត្ត បូករួមចូលគ្នា មានសំឡេងស្មើ២៥១អាសនៈក្នុងសភាអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។ កៅអីក្នុង សភាមានសរុបចំនួន៥០០អាសនៈ ។
យោងតាមលទ្ធផលបណ្តោះអាសន្ន សន្លឹកឆ្នោត៩៤ភាគរយ បានរាប់ហើយ ក្នុងនោះ គណបក្សគាំទ្រដោយក្រុមយោធា Palang Pracharath ទទួលបាន៧.៩លានសន្លឹក ខណៈគណបក្សភឿថៃ ដែលមានសម្ពន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បានតែ ៧.៤លានសន្លឹកប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បន្ទាប់ពីរង់ចាំអស់រយៈពេល៨ឆ្នាំ ប្រជាពលរដ្ឋថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានចូលរួមបោះឆ្នោតសកលជាលើកដំបូងបំផុត ។ ពលរដ្ឋដែលពេញសិទ្ធិបោះឆ្នោតមានប្រហែល៥១ លាននាក់ ។គណៈកម្មាធិការរៀបចំបោះឆ្នោតថៃ បានប្រកាសពន្យារពេលប្រកាលលទ្ធផលបឋមរហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ៕ ធី រីណា