ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់បានព្យាយាមលេបថ្នាំធ្វើអត្ដឃាតសម្លាប់ខ្លួនជាច្រើនដង តែពុំបានសម្រេច ដោយក្រុមគ្រួសារឃើញទាន់ សង្រ្គោះទាន់ពេល លុះក្រោយមកបានសម្រេចចិត្ដ យកក្រមាចងក.ធ្វើអត្ដឃាតខ្លួនឯងទៀត ទៅនឹងចម្រឹងបង្អួចក្នុងផ្ទះ បណ្ដាលឲ្យបាត់បង់ជីវិតអណោចអធ័ម ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ច្រាយ តិច ត្រូវជាប្ដី ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ឡេង សេងលី អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ យី វួចលី ត្រូវជាម្ដាយស្រ្ដីរងគ្រោះបានឲ្យដឹងថា កន្លងមកស្រ្ដីរងគ្រោះបានព្យាយាមសម្លាប់ខ្លួនឯងជាច្រើនដងមកហើយ ដោយលេបថ្នាំ ខណៈនោះក្រុមគ្រួសារឃើញទាន់ បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា រហូតមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្រ្ដីជាម្ដាយបានព្រមទាំងប្ដីនិងកូនរបស់ស្រ្ដីរងគ្រោះ បានឃើញស្រ្ដីរងគ្រោះស្លាប់ដោយចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងដោយក្រមាទៅនឹងចម្រឹងបង្អួច ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកគយដើម្បីពិនិត្យ ។
បន្ទាប់ពីនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បន្ដរាយការណ៍ទៅនគរបាលជំនាញផ្នែកកោសល្យវិច្ច័យស្រុក រួចធ្វើការពិនិត្យបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក្យព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពស្រ្ដីរងគ្រោះ ក្រោយពីធ្វើការពិនិត្យរួច នគរបាលបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ