ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអាគារកំពុងសាងសង់បណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ធ្លាក់ពីលើអាគារមួយកន្លែង ដែលមានកំពស់រហូតដល់១០ជាន់ ដែលកំពុងសាងសង់ មិនទាន់រួច បណ្ដាលឲ្យស្លាប់លើគំនរខ្សាច់យ៉ាងអាណោចអាធ័ម ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ២៧៨ ត្រង់ចំណុចខាងកើតវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។

សពស្ត្រីរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ ជាកម្មករសំណង់នៅទីតាំងខាងលើ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានឮសំឡេងលាន់តែឌឹម លើដីខ្សាច់ ពេលនោះក៏មានប្រជាពលរដ្ឋចេញមកមើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានស្លាប់លើគំនរដីខ្សាច់ បាត់ទៅហើយ ចំណែកផ្ទៃមុខស្ត្រីរូបនោះមានស្នាមបែកមុខ និងមានឈាមផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានយកខ្សែមកពទ្ធ័ជុំវិញសព រួចទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោលសល្យវិច័យសពរងគ្រោះខាងលើ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននូវមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ។ ដោយពុំមានសាច់ញាតិបងប្អូន សមត្ថកិច្ចបានឲ្យរថយន្តសាមុយដឹកកម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលសព យកទៅធ្វើបុណ្យតាមប្រៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖