ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាព ឆបោកយកម៉ូតូចំនួន៣គ្រឿងបានសម្រេចកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ បានគេចខ្លួនបាន៤ថ្ងៃ ទើបនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះហេបភី ណេត តាមបណ្តោយផ្លូវ ២៥៦ ជិតផ្ទះសំណាក់ហង្សមាស ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនដាក់ខ្នោះ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ីង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ កាត់ចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងក្រុងហ៊ុន បានរត់គេខ្លួនបាន៤ថ្ងៃទើបចាប់បាន ។
តាមសម្តីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ រូបគាត់បានជិះម៉ូតូតាមដងផ្លូវ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យដើរចូលណេតខាងលើ ក៏ឈប់ម៉ូតូហើយរត់ទៅចាប់ជនសង្ស័យបានតែម្តង ប្រជាពលរដ្ឋឃើញដូច្នោះ ក៏ស្វាគមន៏មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ដើម្បីសួរនាំ ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យបានឆបោកយកម៉ូតូអស់៣គ្រឿង ម៉ាកស្គុតពី ១គ្រឿង ភីសុីអុិច ១គ្រឿង និងម៉ូតូឌូក ១គ្រឿងទៀត រួមទាំងកុំព្យទ័រមួយគ្រឿងទៀត យកទៅលក់លេងល្បែងចាញ់អស់ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច ធ្វើកំណត់ហេតុរួចបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការទៅតាមច្បាប់ ៕ ភារ៉ា ដង្កោ