ខេត្តស្វាយរៀង៖ ស្ត្រីសង្ស័យវិកលចរិកម្នាក់ ត្រូវបានអ្នកភូមិ ក៏ដូចជាក្មេងៗឃ្វាលគោក្របីប្រទះឃើញស្លាប់ នៅទឹកបៀរ កណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន មកពិនិត្យសព ភ្លាមៗខ្លាចក្រែងជាអំពើឃាដកម្ម ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីរសៀល នៅត្រង់ចំណុចវាលស្រែភូមិអណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលសង្ស័យវិកលចរិកមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយមានអាយុប្រមាណ៥០ឆ្នាំ ពាក់អាវស ខោក្រហម រូបតុកតា ។
បើតាមប្រជាពលរដ្ឋឈ្មោះ យូមា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រហែល៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ គាត់ឃើញស្ត្រីម្នាក់ដើរតាមភ្លឺស្រែ ពាក់អាវស ខោក្រហមតុកតា សំដៅទៅទឹកបៀរ កណ្ដាលវាលស្រែ នៅត្រង់ចំណុចភូមិអណ្តូងក្រសាំង ឃុំពងទឹកស្រុករំដួល ។ លុះប្រមាណជាងមួយម៉ោងក្រោយមក ក៏មានការភ្ញាក់ផ្អើលថា មានមនុស្សស្រីលង់ទឹកស្លាប់បាត់ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចស្រុកបានសហការជាមួយមណ្ឌលសុខភាព ពងទឹកចុះពិនិត្យដល់កន្លែងកើតហេតុ សន្និដ្ឋានបានថា ជនរងគ្រោះ គឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដំកល់ទុកនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន