ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួន ក្រុមជិះម៉ូតូដេញកាប់ ដេញធាក់ យកម៉ូតូនៅក្រុងតាខ្មៅ យ៉ាងសកម្ម ដាក់ពន្ធនាគារ

ចែករំលែក៖

ខេត្តកណ្ដាល៖ លោក សាយ សម្ភស្សសេរី​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួន ក្រុមជិះម៉ូតូដេញកាប់ ដេញធាក់យកម៉ូតូនៅក្រុងតាខ្មៅ យ៉ាងសកម្មដាក់ពន្ធនាគារបណ្តោះអាន្នពីបទ “ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា” ដែលប្រព្រឹត្តនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​ កាលពីថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០១៩ តាមមាត្រា៣៥៣ ,៣៥៧ និងមាត្រា៣៦១នៃក្រមព្រហ្មទណ្ឌ ។

ជនជាបចោទទី១ឈ្មោះ រិន សារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិក​រថយន្ដក្រុង​ក្រុមហ៊ុនកាពីតូល មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី២ឈ្មោះ អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ទី៣ឈ្មោះ ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររត់តុការ ទី៤.ឈ្មោះ ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររត់តុការ ។ ក្រុមជនជាប់ចោទទី២ ទី៣ និងទី៤ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី៥ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិនយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឈើ ទី៦.ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនជាប់ចោទទី៥និងទី៦ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ សន សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងទង (មានរបួសបែកក្បាល) ទី២.ឈ្មោះ ឆឹម សារ៉ាត់ ហៅតា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងទង ( របួសពកក្បាល) និងទី៣.ឈ្មោះ វង្ស ណាដាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងទង (របួសក្បាល និងបែកចិញ្ចើមស្តាំ) ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅ ផ្ទះជួល ភូមិ កំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមរំលឹកថា៖ ក្រោមការ​ចង្អុល​បង្ហាញពី​លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដកណ្ដាល ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួល​ផែនព្រហ្មទណ្ឌ ឲ្យកម្លាំង​ការិយាល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល ស្រាវជ្រាវ ស៊ើបអង្កេត រហូតឃាត់​ខ្លួនក្រុមក្មេង​ទំនើង៦នាក់​ក្នុងចំណោម​បក្ខពួក១៥នាក់យក​មកស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល ចាត់ការតាម​នីតិវិធីច្បាប់ ។

ក្រោយពី​ក្រុមក្មេងទាំងនេះ​បានធ្វើស​កម្មភាពជិះម៉ូតូ​ដេញតាម​ម៉ូតូរបស់​យុវជន៣នាក់ ដែលធ្វើ​ដំណើរឌុបគ្នា តាមដងផ្លូវ រួចធ្វើ​សកម្មភាពវាយ គប់ និងកាប់ ទៅលើក្រុម​យុវជនរងគ្រោះ បណ្ដាលឲ្យយុវ​ជនម្នាក់របួស​ធ្ងន់បែកក្បាល និង២នាក់​ទៀតរបួស​យ៉ាងដំណំ ក្នុងគោលបំណង​ប្លន់យកម៉ូតូ​ពីយុវជនរងគ្រោះ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្រុមយុវជនរងគ្រោះ​៣នាក់បាន​នាំគ្នាជិះម៉ូតូ​ឌុបគ្នាទៅលេង​ផ្ទះបងប្អូន​នៅម្ដុំផ្សារអូឫស្សី រាជធានីភ្នំពេញ លុះមកដល់​វេលាម៉ោង២២ជាង ក្រុមយុវជន​រងគ្រោះខាង​លើក៏នាំគ្នា​ត្រឡប់​មកជួលវិញ នៅក្រុងតាខ្មៅ លុះមកដល់​ចំណុចកើតហេតុ ម្ដុំខាង​លិចសាលា​ខេត្តកណ្ដាល ហួសស្ថានីយ៍ប្រេងឥន្ធនៈ​តូតាល់ប្រហែល៥០ម៉ែត្រ ស្រាប់តែក្រុម​ជនសង្ស័យខាងលើ ប្រហែលជាងដប់នាក់ បានជិះម៉ូតូ៦គ្រឿង ដេញតាមរួច​ធ្វើសកម្មភាពគប់ និងកាប់ ប្លន់យកម៉ូតូ បណ្ដាល​ឲ្យជនរងគ្រោះ​ទាំងបីនាក់​រងរបួសក្បាល ភ័យស្លន់ស្លោរ នាំគ្នាជិះរត់ត្រឡប់ក្រោយ​វិញចូលក្នុង​ម៉ាតតូតាល់ តែត្រូវ​បក្ខពួកជន​សង្ស័យដេញតាម ខណៈនោះក​ម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាន​នគរបាលខេត្តកណ្ដាល កំពុងជិះល្បាត​ការពារសន្ដិសុខ​សណ្ដាប់ធ្នាប់ ក៏បានអន្ដរាគមន៍ ដោយសហការ​ជាមួយកម្លាំ​ងប៉ុស្ដិ៍ចាក់អង្រែក្រោម ឃាត់ខ្លួនបាន​ជនសង្ស័យ បានម្នាក់ឈ្មោះ រិន សារី ភេទប្រុស អាយុ១៨ឆ្នាំ ជាបក្ខពួកជនសង្ស័យ និងវត្ថុតាងម៉ូតូ១គ្រឿង រួចបញ្ជូនមក​ការិយាល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​សាកសួរ។

ប្រភពដដែល​បន្ដទៀតថា ក្រោយពី​កម្លាំងនគរបាល​ជំនាញស្ដាប់​ចម្លើយសារភាព​របស់ជន​សង្ស័យឈ្មោះ រិន សារី រួច ភ្លាមនោះកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមាន​ការចង្អុល​បង្ហាញពីលោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើននិង​ដឹកនាំដោយ​លោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួល​ផែនព្រហ្មទណ្ឌ បានឲ្យកម្លាំង​នគរបាលជំនាញ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួនជនសង្ស័យ​បាន៥នាក់បន្ថែមទៀត សរុប៦នាក់ រួមទាំង​វត្ថុតាង​ពាក់ព័ន្ធខាងលើ យកមកស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល ដើម្បីកសាង​សំណុំរឿង​បញ្ជូនទៅ​កាន់សាលាដំបូង​ខេត្ដកណ្ដាល ចាត់ការបន្ដ​តាមនីតិ​វិធីច្បាប់ ។

តាមចម្លើយសារភាព​របស់ក្រុមជន​សង្ស័យខាងលើ បានឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបាន​ធ្វើសកម្មភាព វាយប្លន់ ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់បាន ធ្វើសកម្មភាពវាយ​ប្លន់នៅក្រុងតាខ្មៅ បានចំនួន២ដងមកហើយ និងយកម៉ូ​តូបានម៉ូតូ​ចំនួន២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ១គ្រឿង និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ហើយបក្ខ​ពួករបស់់​ខ្លួនបាន​កាប់ជនរង​គ្រោះផ្សេងទៀត នៅមុខក្លិបកំសាន្ដ រ៉េន សង្កាត់ចាក់​អង្រែក្រោម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ចំនួនម្ដងដែរ៕ ឆ ដា


ចែករំលែក៖