ព័ត៌មានទាន់ហេតុការណ៍៖

កុមារជនជាតិព្នងម្នាក់ត្រូវម្តាយបោះបង់ឲ្យរស់ក្នុងខ្ទមចម្ការតែឯងកណ្តាលព្រៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កុមារាម្នាក់រស់នៅ ភូមិពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងទុក្ខ លំបាក។ បើតាមទិដ្ឋភាពជាក់ស្តែងនៅ ពេលអ្នកកាសែតបានប្រទះឃើញកាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ខណៈរូបគេត្រូវ បានក្មេងប្រុសម្នាក់ទៀតកំពុងរុញរទេះជូនទៅទទួលអំណោយជាសម្ភារសិក្សានៅសាលាបឋមសិក្សាស្រែអំពូម ។

កុមាររូបនេះបានបញ្ជាក់ថា «ខ្ញុំឈ្មោះ សុភី ពិការជើងទាំងពីរតាំងពីកំណើតត្រូវបានម្តាយបោះបង់ចោលអស់រយៈពេល៣ឆ្នាំមកហើយ ដោយទុករូបខ្ញុំនៅខ្ទមចាំចម្ការ ម្នាក់ឯង។ ពេលខ្លះក៏មានបាយហូបពេល ខ្លះមិនមានបាយហូបទេ ព្រោះរំពឹងលើបងប្អូនក្នុងភូមិអ្នកជួយផ្តល់ឲ្យ»។

បុរសឈ្មោះ នាក់ សំណាង និងប្រពន្ធ ឈ្មោះអឿន អុីម បានឲ្យដឹងថា «នៅក្នុងឆ្នាំ ២០១៨ នៅពេលដែលគាត់កំពុងដើររកស៊ីឈ្មួលគេស្រាប់តែជួបក្មេងប្រុសអភ័ព្វម្នាក់រស់នៅម្នាក់ឯងក្នុងខ្ទមចាំចម្ការកណ្តាលព្រៃហើយពិការជើងទាំង២»។

ពេលដែលគាត់សួរកុមារនោះដំបូងរូបគេមិនបានឆ្លើយតបនោះទេបានត្រឹមសម្រក់ទឹកភ្នែកប៉ុណ្ណោះ នៅពេលពួកគាត់លួងលោមក្មេងពិកាជើងនោះនិយាយថា ម្តាយបង្កើតមានប្តីថ្មីទៀតហើយបោះបង់រូបគេចោលជាយូរហើយ ដោយរូបគេត្រូវនៅម្នាក់ឯងក្នុងខ្ទមចាំចំការនេះ ។

នៅពេលដែល២នាក់ប្តីនិងប្រពន្ធបន្តសួរនាំពីរឿងចំណីអាហារបានអីហូបចុក ក្មេងនោះឆ្លើយថាមានពេលខ្លះបានបាយហូប មានពេលខ្លះដេកអត់បាយអត់ទឹក។ ឃើញបែបនេះប្តីនិងប្រពន្ធសម្រេចចិត្តថា នឹងយកមកភូមិមួយរយៈដើម្បីឲ្យអាហារគាត់បានហូប ប៉ុន្តែពេលនេះក្មេងពិកាអភ័ព្វនេះបានសម្រេចចិត្តលែងទៅណាហើយក៏រស់នៅជាមួយគ្រួសារ២នាក់ប្តីប្រពន្ធដូចកូនបង្កើត ។

លោក សំណាង បានរៀបរាប់បន្តថា «ខ្ញុំសព្វថ្ងៃមានមុខរបរជាកម្មករដើរស៊ីឈ្នួលជម្រះស្មៅឲ្យអ្នកជិតខាងប្រពន្ធលក់នំតិច តួចបានកម្រៃ គ្រាន់យកមកផ្គត់ផ្គង់កូនក្នុងបន្ទុកចំនួន៣នាក់ ហើយឥឡូវនេះមាន កុមារអភ័ព្វម្នាក់ទៀតសរុបកូន៤នាក់ក្នុង បន្ទុក ហើយកំពុងបានចូលរៀនទាំងអស់ គ្នាទៀត»។

សព្វថ្ងៃនេះគាត់កំពុងព្រួយបារម្ភខ្លាំងណាស់ចំពោះជីវភាពគ្រួសារព្រោះពួកគាត់មានជីវភាពក្រីក្រមានកូនរៀនចំនួន៣ នាក់ ឥឡូវបានយកក្មេងពិការម្នាក់ទៀត មកចិញ្ចឹមដូចកូនបង្កើតម្នាក់ទៀតដែលធ្វើឲ្យគ្រួសារកាន់តែមានបន្ទុកធ្ងន់ជាងមុន។ចំណែកផ្ទះគាត់ជាផ្ទះតៀមតូចសង់ជាប់ដី។

កុមារាពិការជើងទាំងពីរត្រូវបានគ្រួសារចិត្តបុណ្យដាក់នាមត្រកូលឲ្យឈ្មោះ នាក់់ សុភី ទៅតាមកូនៗរបស់ពួកគាត់ហើយ បច្ចុប្បន្នគេមានអាយុ១៣ឆ្នាំហើយ ។

គ្រួសារខាងលើបានអំពាវនាវរកជំនួយពីសប្បុរសជននានា ដែលមានទឹកចិត្ត សប្បុរសធម៌ឲ្យជួយដល់ក្មេងអភ័ព្វនេះក៏ដូច ជួយសម្រាលដល់ជីវភាពគាត់ ព្រោះ ឥឡូវនេះរូបគាត់និងប្រពន្ធពិបាករកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារណាស់។

បើតាមលោកស្រីឡៃ ច័ន្ធឡាលីន នាយិកាសាលាបឋមសិក្សាស្រែអំពូមបានប្រាប់ថា ជីវភាពគ្រួសារមួយនេះពិតជា លំបាកមែនប្តីមានការងារជាកម្មករជម្រះស្មៅ និងដើរស៊ីឈ្មួលដើម្បីបានកម្រៃផ្គត់ ក្នុងគ្រួសារ ជួនបានជួនអត់ជួនគ្រប់ជួនមិនបានគ្រប់គ្រាន់។ពេលនេះក្មេងប្រុសពិការ រស់នៅក្នុងបន្ទុកពីរនាក់ប្តីប្រពន្ធខាងលើនោះក៏បានទទួលការអប់រំដែរគឺឲ្យគេចូលរៀនថ្នាក់ទី១ ៕ ហេង នរិន្ទ្រ


ចែករំលែក៖