ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្កេតមើលឃើញថា បញ្ហាចំណតរថយន្តក្រុងនៅកណ្តាលរាជធានីភ្នំពេញសព្វថ្ងៃ ក៏ជាមូលហេតុ ដែលញាំឲ្យមានការកកស្ទះចរាចរណ៍នោះដែរ ។ ដោយសារតែក្រុមហ៊ុនរថយន្តក្រុងគ្មានចំណតត្រឹមត្រូវ ដោយយកចំណែកទ្រូងផ្លូវធ្វើជាចំណត ជាហេតុធ្វើឲ្យកំណាត់ផ្លូវដែលក្រុមហ៊ុនឡានក្រុងចតនោះត្រូវកកស្ទះ ដោយអន្លើ ។ ទីតាំងក្រុមហ៊ុនរថយន្តក្រុងមួយចំនួនបានយកចិញ្ចើមផ្លូវចតរថយន្តក្រុងជាអចិន្ត្រៃយ៍ ធ្វើឲ្យផ្លូវសាធារណៈកាន់តែរួមតូច ។ ជាងនេះទៅទៀត ទីតាំងចំណតរថយន្តក្រុងខ្លះចតបានតែក្បាលរថយន្ត រីឯមួយផ្នែកនៃរថយន្ត គឺចតនៅលើចិញ្ចើមផ្លូវ ។
រីឯចំណតរថយន្តក្រុងខ្លះទៀត ត្រូវបានអាជ្ញាធរជួយសម្របសម្រួលដើម្បីជាប្រយោជន៍ក្រុមហ៊ុនឡានក្រុង ដោយមិនគិតអំពីការលំបាករបស់ប្រជាពលរដ្ឋនោះទេ ។ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក, ខណ្ឌចំការមន, ខណ្ឌ៧មករា ក៏ដូចជាខណ្ឌដូនពេញ សុទ្ធតែជាទីតាំងចំណតរថយន្តក្រុងដែលគ្មានសណ្តាប់ធ្នាប់ ។ គឺចំណតរថយន្តក្រុងត្រូវបានបោះទីតាំងនៅលើចិញ្ចើមផ្លូវសាធារណៈ ដោយមិនខ្វល់អំពីការកកស្ទះចរាចរណ៍ ឬផលប្រយោជន៍សាធារណៈនោះឡើយ ។ បញ្ហាទាំងអស់នេះ អាជ្ញាធរអាចធ្វើបានតាមរយៈការកោះហៅក្រុមហ៊ុនដឹកចញ្ជូនទាំងនោះ ដោយស្នើឲ្យពួកគាត់រកចំណតឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែអាជ្ញាធរ ហាក់ដូចជាមិនបានគិតគូរអំពីចំណុចនេះទេ ។ ក្រុមហ៊ុនរថយន្តក្រុងខ្លះ ចតរថយន្តទទឹងទទែង ដោយមិនគិតខ្វល់អំពីបញ្ហាសណ្តាប់ធ្នាប់អ្វីឡើយ ។
ក្រុមហ៊ុនរថយន្តក្រុងមួយដែលបោះទីតាំងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានយករថយន្តដ៏ធំវែងរបស់ខ្លួនចតលើផ្លូវ ដើម្បីទទួលអតិថិជន។ និយាយរួមទៅ អាជ្ញាធរគួរចាត់វិធានការមុនគេចំពោះបញ្ហាចំណតក្រុមហ៊ុនរថយន្តក្រុង ។ ពីព្រោះថា ការយកចិញ្ចើមផ្លូវសាធារណៈដើម្បីផលប្រយោជន៍ក្រុមហ៊ុនខ្លួន ហើយបង្កការក្តៅក្រហាយដល់អ្នកធ្វើដំណើរ ឬប្រជាពលរដ្ឋនៅទីក្រុង គឺជារឿង ដែលអាជ្ញាធរត្រូវដោះស្រាយជាបន្ទាន់ ។ ប្រជាពលរដ្ឋរិះគន់អាជ្ញាធរដែលមិនមានលទ្ធភាពដោះស្រាយបញ្ហាចំណតរថយន្តក្រុងនេះ ហើយបង្កការលំបាកដល់ពួកគាត់ ។ ការធ្វើរោងការ ឬរោងបុណ្យបិទផ្លូវ វាមិនមែនជាបញ្ហាអចិន្ត្រៃយ៍ ប៉ុន្តែក្រុមហ៊ុនឡានក្រុង បង្កការលំបាកដល់ប្រជាពលរដ្ឋ គឺបានកើតឡើងជាអចិន្ត្រៃយ៍ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងដោះស្រាយចំពោះបញ្ហាឡានក្រុងដែលគ្មានចំណត ឬយកទីសាធារណៈធ្វើជាចំណតដើម្បីផលប្រយោជន៍ក្រុមហ៊ុនខ្លួននោះ ។ នាងខ្ញុំជឿថា បញ្ហានេះអាចដោះស្រាយបាន ពីព្រោះករណីក្រុមហ៊ុនមិនមែនដូចករណីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរតាមរទេះរុញនៅលើដងផ្លូវនោះឡើយ ។ ក្រុមហ៊ុនមានទីតាំងច្បាស់លាស់ ដូច្នេះអាជ្ញាធរ ត្រូវអញ្ជើញក្រុមហ៊ុនមកសួរនាំ និងដោះស្រាយ ។ អាជ្ញាធរត្រូវដឹងថា ការដែលក្រុមហ៊ុនរថយន្តក្រុងយកផ្លូវសាធារណៈធ្វើជាចំណតនោះ ប្រជាពលរដ្ឋមិនសប្បាយចិត្តទេ ។ ដូច្នេះ គួរតែដោះស្រាយបញ្ហាឲ្យបានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ៕ ប្រជាពលរដ្ឋម្នាក់