ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋក្តៅក្រហាយអាជីវកម្មរណ្តៅដី២កន្លែង ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា អាជីវកម្មរណ្ដៅដីធំៗជ្រៅៗ២កន្លែងក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់កាន់តែខ្លាំងឡើងៗ ហើយគ្មានមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដី២កន្លែងនោះមានទំហំធំៗ និងមានជម្រៅចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រនៅខាងក្រោយភូមិជាប់ផ្ទះសម្បែងរបស់ពួកគាត់ ហើយរថយន្តដឹកអាចម៍ធំៗបើកបរក្នុងល្បឿនលឿនៗមិនអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសនោះទេ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីទី១ មានម្ចាស់ឈ្មោះ សារិន គឺរណ្ដៅដីនោះមានទំហំប្រមាណ១០០ម៉ែត្រ៤ជ្រុង ហើយនៅខាងក្រោយជិតផ្ទះសម្បែងពួកគាត់ ហើយអាចធ្វើឲ្យដីធ្លីផ្ទះសម្បែងពួកគាត់បាក់ស្រុតចូលក្នុងរណ្ដៅដីនោះនាពេលខាងមុខ។ រណ្ដៅដីទី២ មានថៅកែឈ្មោះ រិទ្ធ នៅចំណុចក្រោយភូមិស្ដៅកន្លែង ចម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះអ្នកភូមិជិតដល់មាត់បឹងថាស ដែលមានជម្រៅពី២០ម៉ែត្រទៅ៣០ម៉ែត្រ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសាររងផលប៉ះពាល់កាន់តែខ្លាំងឡើងៗ ពួកគាត់បានសុំអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានឲ្យចាត់វិធានការទប់ស្កាត់ ប៉ុន្តែឈ្មួញ២នាក់នោះមានខ្នងបង្អែករឹងមាំទើបមិនញញើតនឹងចំណាត់ការរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានឡើយ។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពល ស្រុកកៀនស្វាយ ក៏ដូចជាពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ទេនោះគឺឈ្មួញឈ្មោះ សារិន និងឈ្មួញឈ្មោះ រិទ្ធ មិនអាចធ្វើអាជីវកម្មរណ្ដៅដីខុសលក្ខណៈបច្ចេកទេសបានឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល អំពាវនាវឲ្យអាជ្ញាធរខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់អាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ សារិន និងឈ្មួញឈ្មោះ រិទ្ធ ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា រថយន្តដឹកអាចម៍ដីរបស់ឈ្មួញទាំង២នាក់នោះ ធ្វើឲ្យធ្លាក់អាចម៍ដីលើផ្លូវក្លាយជាធូលីហុយសំពោងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកភូមិ ហើយមន្ត្រីអាជ្ញាធរ មិនគិតគូរជួយដោះស្រាយដល់ប្រជាពលរដ្ឋនៅឡើយទេ៕


ចែករំលែក៖