ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់នាំប្រពន្ធចេញពីផ្ទះដើរចូលក្នុងព្រៃរបោះ ដើម្បីរកបេះបន្លែ ឃើញគ្រាប់មិនទាន់ផ្ទុះរើសយកទៅបោកផ្ទុបនឹងគល់ឈើបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចំណុចគោកអាឡោកឈាងខាងលិចភូមិល្បើកអំពឹល ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះដោយ សារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង២នាក់ ប្តីឈ្មោះ នឹម ថួត ភេទ ប្រុស អាយុ ១៧ ឆ្នាំ រីឯប្រពន្ធ ឈ្មោះ ភា ផាន ភេទ ស្រី អាយុ ២០ ឆ្នាំ ទាំង២នាក់ មានទីលំនៅ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា៖មុនពេល់កើតហេតុ ប្តី ប្រពន្ធទាំង២នាក់ បាននាំគ្នា ទៅរកបន្លែ ក្រោយភូមិប្រហែល៦០០ម៉ែត្រ ដើម្បីយកហូបជាមួយទឹកគ្រឿង ខណៈនោះប្តីក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់មិនស្គាល់ម៉ាកហើយបានរើសយកទៅបោកនឹងគល់ឈើ បណ្តាលផ្ទុះតែម្តង ។ ជនរងគ្រោះបន្ទាប់មក ត្រូវបានបងប្អូនឹកតាមគោយន្តទៅជួយដឹកសង្រ្គោះទៅមន្ទីរពេទ្យ បង្អែក ស្រុកស្វាយចេក ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលទៅស្រែ ចម្ការ ឬដើរបេះអន្លក់ រកសត្វ ក្នុងព្រៃ ពេលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ គឺត្រូវរាយការណ៍មកសមត្ថកិច្ច ឬអាជ្ញាធរភូមិ បានដឹង ដើម្បីទំនាក់ទំនងទៅអង្គភាពស៊ីម៉ាកចុះទៅយកតាមបច្ចេកទេស៕ សំ វិច្ឆិកា