ខេត្តកំពង់ឆ្នាំង៖ ករណីលោកមេប៉ុស្តិ៍ឃុំជៀប និងកូនព្រមទាំងបក្ខពួកម្នាក់ទៀត ព្រួតគ្នាវាយកាប់ និងចាក់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពី៣ថ្ងៃមុននោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវបន្តចាត់ការតាមផ្លូវច្បាប់ ។
ស្នងការរងលោកឧត្ដមសេនីយ៍ត្រី ប៉ុល វុទ្ធី ទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានលោកមេប៉ុស្តិ៍ឃុំជៀប, កូនលោកមេប៉ុស្តិ៍ និងបក្ខពួកម្នាក់ទៀត បញ្ជូនមកកាន់ស្នងការនគរបាលខេត្តបន្តអនុវត្តន៍នីតិវិធី ។ តែនៅក្នុងរឿងនេះ លោក ជៀម វិចិត្រ មេប៉ុស្តិ៍ជៀប ដែលរងនូវការចោទប្រកាន់ពីជនរងគ្រោះថា បានវាយជនរងគ្រោះនឹងស្វាយកាំភ្លើងឲ្យដួលនោះ បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តរឿងដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយ រួមទាំងមានសាក្សីមួយចំនួន ដែលបានអះអាងផងដែរ ។
ជនរងគ្រោះដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែមីនា វេលាម៉ោង១១ និង១៥នាទី មុនពេលកើតហេតុ គាត់បានទៅដើរលេងបុណ្យក្នុងភូមិ ខណៈនោះស្រាប់តែមានក្មេងស្ទាវមួយក្រុម ដៃកាន់ដំបងព័ទ្ធគាត់ពេលឃើញសភាពមិនស្រួល គាត់ក៏ស្ទុះទៅយកដំបងមកកាន់ការពារខ្លួន ស្រាប់តែពេលនោះ លោក ជៀម វិចត្រ មេប៉ុស្តិ៍បានយកស្វាយកាំភ្លើងអាការមកវាយចំមុខបណ្តាលឲ្យដួលលើដីហើយក៏ត្រូវក្រុមក្មេងស្ទាវ និងកូនលោកមេប៉ុស្តិ៍នាំគ្នាកាប់ចំក្បាលគាត់២កាំបិត និងបានចាក់ចំពោះខាងឆ្វេងមួយកាំបិតទៀត ពេលនោះដែរគាត់ (ជនរងគ្រោះ) ក៏បានស្រែកឲ្យគេជួយ ។ បន្ទាប់មកជនដៃដល់ក៏បានដកខ្លួនចេញហើយអ្នកភូមិ និងក្រុមគ្រួសារបានដឹកគាត់មកមណ្ឌលសុខភាព និងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដើម្បីសង្គ្រោះបន្ទាន់ ។
លោក ប៉ុល វុទ្ធី ស្នងការរងបានបញ្ជាក់ថា លោកនឹងការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះបន្តទៀត ជាមួយភាគីសាក្សីរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍នេះផ្ទាល់ ដើម្បីបញ្ជាក់ថា តើលោកមេប៉ុស្តិ៍ឃុំជៀប និងបក្ខពួកបានប្រព្រឹត្តបទល្មើសលើជនរងគ្រោះដែរ ឬទេដើម្បីកសាងសំណុំរឿងមុននឹងបញ្ជូនជនសង្ស័យទៅកាន់តុលាការចាត់ការបន្ត ។
ពាក់ព័ន្ធនឹងករណីនេះលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យយកក្រុមជនបង្កនេះស្នងការដ្ឋានដើម្បីសាកសួរ ស្រាវជ្រាវរកយុត្តិធម៌ភាគីទាំងសងខាងបើរកឃើញថា មេប៉ុស្តិ៍បានប្រព្រឹត្តដូចការចោទប្រកាន់ គឺត្រូវទទួលទោសតាមច្បាប់ ៕ ចន្ថា