ភ្នំពេញ ៖ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជាតំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី បានចូលរួមជាអធិបតី ក្នុងពិធីសំណេះ សំណាល នាំយកអំណោយមនុស្សធម៌ ជាសារ៉ុង និងសំលៀកបំពាក់ថ្វាយបង្គុំ(ម៉ាខ្នា) ដែលជាអំណោយរបស់មូលនីធិអាត់តាមីសុីតាមរយៈ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអង្គរ ជូនសហគមន៍ បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន១៧៧ គ្រួសារ ស្ថិតនៅសង្កាត់ច្រាំង ចំរះទី១ និង២ ខណ្ឌឫស្សីកែវ និងបាននាំយកអំណោយជាស៊ីម៉ង់ចំនួន៣តោន ជូនវិហារអ៊ិស្លាមគីឡូម៉ែត្រលេខ៩ តបតាមការស្នើរសុំរបស់គណៈកម្មាធិការ សាសនិកឥស្លាម សម្រាប់ធ្វើបន្ទប់ទឹក និងកន្លែងយក ទឹកថ្វាយបង្គុំ ជូនសហគមន៍ សាសនិកឥស្លាមឫស្សីកែវ ។
ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍១០ រោច ខែ ផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដោយមានសមាជិក សមាជិកា CMYA PPចូលរួម សហការជាមួយអាជ្ញាធរ ភូមិ សង្កាត់ ផងដែរ ។
លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រមណ្ឌល ភ្នំពេញ បានបញ្ជាក់ថា៖ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោ សហគមន៍អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋបាន រួមរស់សម្បូរសប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។
លោក ស្រីបន្ដថា៖ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានខិតខំកសាងសន្តិភាពធ្វើឱ្យប្រទេសជាតិមានសិទ្ធសេរីភាពដូច្នេះបងប្អូនសាសនិកឥស្លាមទាំងអស់មានសិទ្ធិគោរពតាមជំនឿសាសនា រាងៗខ្លួនជាក់ស្តែងថ្ងៃនេះបងប្អូនបាន មកទទួល អំណោយមនុស្សធម៌ ដោយមានសេរី ភាព និងយុត្តិធម៌តាមជំនឿ ។
លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ដ្រមណ្ឌលពោធិ៏សាត់បានបញ្ជាក់ថា៖ ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មានភាពកក់កក្ដៅ និង រីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាអ៊ីស្លាម បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អ ល្អ ដើម្បីបំពេញ និងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញ្ញាតឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភា និងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ ៕ សំរិត