ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង និង ក្រុមហ៊ុនOCICបើក ដំណើរការសាងសង់អាគារពិព័រណ៌អន្តរជាតិជ្រោយចង្វា ដែលមានទំហំធំ ជាងអគារនៅកោះពេជ្រ ដោយចំណាយថវិកា ប្រមាណ១៦លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុន ក្នុងស្រុកOCICបានបើកដំណើរការសាងសង់អាគារពិព័រណ៌អន្តរជាតិជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ជាសំណង់អាគារសាធារណៈធំទី២ បន្ទាប់ពីសាលពិព័រណ៌កោះពេជ្រ ដែលវិនិយោគ ដោយក្រុមហ៊ុន OCIC ។

ពិធីក្រុងពាលីជានិមិត្តរូបសុំម្ចាស់ទឹក ម្ចាស់ដី តាមប្រពៃណីទំនៀមទំលាប់ដើម្បីបានសេចក្តីសុខ ចម្រុងចម្រើនក្នុងដំណើរការសាងសង់អាគារសាលពិព័រណ៌ អន្តរជាតិនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនា ដោយមានការអញ្ជើញចូលរួមពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី, លោកឧកញ៉ាពុង ខៀវសែ នាយកក្រុមហ៊ុន OCIC ។

តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុន OCICបានឲ្យដឹងថា ៖ សំណង់អាគារពិព័រណ៌អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប ២៦.៧៧៤,៣៨ម៉ែត្រការ៉េ ដោយបានបែងចែក អគារជា៣ផ្នែកធំៗ រួមមាន អគារសម្រាប់ពិព័រណ៌, ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិព័រណ៌ និងចំណតរថយន្តក្រោមដី ដែលអាចឲ្យយានយន្តចតបាន១៩៨កន្លែង ។

តំណាងក្រុមហ៊ុនឲ្យដឹងទៀតថា ជុំវិញអគារ ត្រូវបានបំពាក់ទៅដោយកញ្ចក់ ជាបច្ចេកវិទ្យាថ្មី ដែលអាចកាត់បន្ថយកំដៅ និងសំឡេងបានល្អ រួមទាំងការបាញ់បំភ្លឺដោយភ្លើង 3D ជុំវិញអគារដើម្បីលើកកម្ពស់សោភណ្ឌភាពផងដែរ ។ ចំពោះរយះពេលនៃការសាងសង់តួអគារទាំងមូល មានរយះពេលសរុប១៤ខែ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណ១៦ លានដុល្លារអាមេរិក ។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញនៅពេលដែលកំណើនប្រជាពលរដ្ឋក្នុងទីក្រុងក៏កើនឡើង ឯតម្រូវការហេដ្ឋារចនាសម្ពន្ធ័គ្រប់ប្រភេទ ក៏ដូចជាអគារសាធារណៈផ្សេងៗ ក៏មានការកើនឡើងហើយវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរ ក៏មានការកើនឡើងឥតឈប់ឈរក្នុងបរិបទ ដែលកម្ពុជាមានសុខសន្តិភាពមានស្ថេរភាពនយោបាយដ៏ពេញលេញ៕ សំរិត


ចែករំលែក៖