ព័ត៌មានទាន់ហេតុការណ៍៖

កម្មករបើករថយន្តឲ្យក្រុមហ៊ុនកិនថ្មភ្នំរូងម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្មករបើករថយន្តរបស់ក្រុមហ៊ុន កិនថ្មភ្នំរូងម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបើក គុបភ្លើងបូមខ្សល់បាញ់អ៊ែររថយន្ត ត្រូវចរន្តអគ្គិសនីឆក់កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនកិនថ្មភ្នំរូង ឋិតនៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក អធិការនគរបាលស្រុកម៉ាឡៃ បេន សំអាត បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ និន រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន ជាកម្មករបើកឡានដឹកថ្មឲ្យក្រុមហ៊ុនដឹកថ្មប៉ោយប៉ែត ចំណុចភ្នំរូង ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ។

លោកបញ្ជាក់ថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានដោះសំបុកអ៊ែរពីរថយន្តយកមក ដើម្បីបាញ់ធូលីចេញពីក្នុងសំបុកអ៊ែររថយន្ត ពេលទៅបើកគុបភ្លើង ក៏ស្រាប់តែ ឆ្លងចរន្តភ្លើងឆក់ដួលនៅនឹងកន្លែង ស្លាប់ភ្លាមៗ មួយរំពេច ចោលប្រពន្ធ និងកូនតូចៗចំនួន២នាក់ ។

លោកបន្ថែមថា៖ ក្រោយពីកើតហេតុ លោកបានចាត់តាំងកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ឃុំបឹងបេងសហការជាមួយ អាជ្ងាធរដើម្បីបង្កើត គណៈកម្មាការត្រួតពិនិត្យសព ។ ឆ្លងតាមរពិនិត្យឃើញ ថាជនរងគ្រោះគឺពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីប្រាកដមែន ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖