ខេត្តរតនគីរី ៖ អំពើមនុស្សឃាតមួយបានកើតឡើងដោយជនដៃដល់ ប្រើដាវសាំម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះ ឲ្យរបួសធ្ងន់ស្រាល០២នាក់ និងស្លាប់ម្នាក់ ភ្លាមៗ នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានស្រការនាគក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នេះជាអំពើមនុស្សឃាតដោយចេតនា បង្កឡើងដោយជនសង្ស័យប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ម្នាក់ របួស់ធ្ងន់ម្នាក់ ស្រាលម្នាក់ ។ ជនរងគ្រោះ ទី១-ឈ្មោះ វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ទី២-ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្ត ។ ទី៣-ឈ្មោះ ឡេន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រងរបួស់ស្រាល ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងអធិការស្រុកលំផាត់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម ក៏បានចុះទៅដល់ និងស្រាវជ្រាវរហូតដល់ម៉ោង៧និង១៥នាទីថ្ងៃទី៣១ ខែមីនា ទើបឈានដល់ឃាត់ខ្លួនជនដៃដល់ឈ្មោះ សះ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ ហើយអ្នកទាំង០៤នាក់នោះរស់នៅភូមិឃុំកើតហេតុខាងលើនោះជាមួយគ្នា ។
សមត្ថកិច្ចថា មូលហេតុបង្កទំនាស់នោះ ដោយសារជនរងគ្រោះ និងជនសង្ស័យ រួមទាំងបក្ខពួកមានគ្នាសរុប៤នាក់ អង្គុយផឹកទឹកត្នោតជូរអស់៥លីត្រ ហើយក៏បានទាស់សម្តីគ្នា ទើបជនសង្ស័យបានយកដាវសាំរ៉ៃ មកកាប់ទៅលើជនរងគ្រោះទាំងបីនាក់នោះតែម្តង ។
ជនដៃដល់ក្រោយធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ភ្លាមៗដែរ តែក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនដដែល ។
កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍បានបំពេញបែបបទតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត័