ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរស២នាក់បានស្លាប់ភ្លាមៗ ខណៈដែលជិះម៉ូតូមួយគ្រឿង ទៅបុកនឹងរថយន្តហ៊ីយ៉ានដាយ ដែលខូចចត លើផ្លូវស្របគ្នា ពេញទំហឹង លាន់សូរដូចរន្ទះ បាញ់ខែចេត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃ អាទិត្យ ១១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទីយប់ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ១១១ និង១១២ ស្ថិតក្នុងភូមិ ត្របែកប្រហោងឃុំតាសួស ស្រុកស្វាយជ្រំ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ម៉ី សុល អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរឈ្មោះ មុី ឆៃ ភេទប្រុស មុខរបរកសិករ អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោនកក ឃុំឈើទាល ស្រុកស្វាយជ្រំ ខណៈជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង ១J.៧៧៨១ ខូចខាតទាំងស្រុង ។
ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបន្សល់តែរថយន្ដដឹកខ្សាច់ ពណ៌ស ម៉ាកហុីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣B ៧៩១២នៅ និងកន្លែងជាមួយជនរងគ្រោះ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរស២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង១J.៧៧៨១ ដោយធ្វើដំណើរលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ ស្រាប់តែទៅបុក និងរថយន្ដដឹកខ្សាច់ ពណ៌សម៉ាកហុីយ៉ានដាយពាក់ស្លាកលេខ ភ្នំពេញ ៣B ៧៩១២ ដែលឈប់ខូចលើផ្លូវពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍ និងវាស់វែងព្រមទាំងអូសយកមធ្យោបាយ ធ្វើដំណើររថយន្ត និងម៉ូតូមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយពេលក្រោយ ។
បច្ចប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យសាច់ញាតិយកទៅឆ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន