ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូក្នុងផ្ទះបាយ ព្រឹកឡើងបាត់ឈឹង ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ត្រូវបានជនសង្ស័យមិនស្គាល់ឈ្មោះ បានចូលក្នុងផ្ទះបាយកាច់ក បានសម្រេច លុះព្រឹកឡើង ក៏បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ និងអ្នកភូមិរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងរំលងអធ្រាត្រ រហូតដល់ម៉ោង៥ទៀបភ្លឺ ក្នុងភូមិភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសុខ សែម អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈម៉ូតូដែលបាត់បង់ ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៩៤០៨៧៤៨ ពាក់ស្លាកលេខ ស្វាយរៀង 1G7252 ។

ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពីកាច់កម៉ូតូ បានគេចខ្លួនភ្លាមៗ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកផ្ដន្ទាទោសតាមច្បាប់ ។

តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គាត់បានត្រឡប់មកពីធ្វើការរោងចក្រវិញ ហើយក៏បានហូបបាយពេលយប់ដូចសព្វដង រួចក៏អូសម៉ូតូចូលផ្ទះបាយ បន្ទាប់មកក៏ចូលសម្រាន្ត ។

ប្រភពបន្តថា ក្រោយមកវេលាម៉ោង៥ព្រឹក គាត់ភ្ញាក់ពីដំណេក និងហាត់ប្រាណ និងដើរក្បែរផ្ទះបាយ ស្រាប់តែក្រឡេកឃើញចំហរ ក៏ស្ទុះទៅអើតមើល ទើបដឹងថា បាត់ម៉ូតូបង្កការភ្ញាក់ផ្អើលតែម្ដង ៕ យឹម សុថាន


ចែករំលែក៖