ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអណ្ដែតទឹកស្រះកំប្លោក បង្កការភ្ញាក់ផ្អើលទាំងព្រលឹម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពលរដ្ឋបានប្រទះឃើញ សាកសពហើមរលេះរលួយស្អុយ ក្នុងទឹកស្រះកំប្លោក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចផងដែរ ដែលករណីនេះ គេសង្ស័យបណ្ដាលមកពីជនរងគ្រោះចុះមុជទឹក ក៏លង់ស្លាប់តែម្ដង ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង ព្រឹកព្រលឹមថ្ងៃអង្គារ ១៣រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងទឹកស្រះកំប្លោកត្រពាំងម្កាក់ ម្ដុំត្រៀមពល ស្ថិតក្នុងភូមិថ្មី ឃុំត្នោងជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គឹម ចេន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ម៉ាប់ មានកូនប្រុសស្រីចំនួន ៥នាក់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍ខាងលើបន្តថា កូនប្រសារស្រីឈ្មោះ ខាំ រឿម ប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឃើញឪពុកក្មេក(ជនរងគ្រោះ)មកលេងផ្ទះរបស់ខ្លួន ថែមទាំងប្រឡែងលេងជាមួយចៅៗ រួចត្រឡប់ទៅវិញបាត់ លុះនៅល្ងាចថ្ងៃដដែល ក្មេងៗមកពីគង្វាលក្របីប្រាប់ថា ឃើញស្បែកជើង និងដបស្រា តាចេន(ជនរងគ្រោះ) នៅមាត់ស្រះ ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍ ។

យាយ(មឿន) ដែលជនរងគ្រោះស្នាក់នៅជាមួយរយៈពេល ៤ឆ្នាំទៅហើយនោះ បានប្រាប់សមត្ថកិច្ចដែរថា គាត់ឧស្សាហ៍ណែនាំណាស់កុំឲ្យដើរផឹកស៊ីតែវាមិនស្ដាប់សោះ វាផឹកស្រាឡើងឡប់សតិអស់ហើយ លុះព្រឹកថ្ងៃកើតហេតុ ឈ្មោះ ស៊ុន ចាន់សុគន្ធ ភេទស្រី ទៅកាប់ឈើធ្វើទ្រើងននោង ធុំក្លិនស្អុយចម្លែកនៅម្ដុំស្រះទឹកខាងលើ ក៏ហៅគេឯងមកមើល ឃើញសាកសព និងស្គាល់អត្តសញ្ញាណជនរងគ្រោះ បង្កការភ្ញាក់ផ្អើលកើតឡើងតែម្ដង ។

របាយការណ៍ដដែលបន្តទៀតថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវ ពុំមានចំណុចសង្ស័យជាប់ពាក់ព័ន្ធ ក្នុងករណីឃាតកម្មអ្វីនោះឡើយ ក៏បានធ្វើកំណត់ហេតុជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖