ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍នេត សាវឿន ទស្សនកិច្ចសហរដ្ឋអាមេរិក៥ថ្ងៃ, គ្រោងចុះMOUជាលើកដំបូងជាមួយFBI

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ បានអញ្ជើញចាកចេញពីកម្ពុជាក្នុងការដឹកនាំគណៈប្រតិភូ បំពេញបេសកកម្មចំនួន ៥ថ្ងៃ នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ការិយាល័យស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក ។ នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងគណៈប្រតិភូនោះផង ដែរ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាន នគរ បាលជាតិ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថាដំណើរទស្សនកិច្ចនៅពេលនេះគឺមាន គោលបំណង ២៖ ទី១ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ, ពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋរួមជាមួយគ្នានោះ ។ ទី២ គឺដើម្បីចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ដើម្បីបង្កើតក្រុមប្រតិ បត្តិការរួមគ្នាមួយដែលហៅកាត់ថា Task Force ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងដែន និងបញ្ហាផ្សេងៗទៀត ដែលភាគីទាំងពីរចាប់អារម្មណ៍, ហើយMOU នោះ និងត្រូវចុះហត្ថលេខារវាងបីភាគី គឺរវាងអគ្គស្នងការនគរបាល ជាតិ, អគ្គនាយកអន្តោប្រវេសន៍ និងអគ្គនាយកនៃការិយាល័យស៊ើបអង្កេត FBI លោក Christopher Wray ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ដែរថាក្នុងខ្លឹមសារនៃអនុស្សារណៈយោគយល់ ដែលចុះ ហត្ថលេខានោះក៏រួមមានការជួយបណ្តុះបណ្តាល និងបំពាក់សម្ភារៈ បច្ចេកទេសមួយចំនួនដែលបំរើ ដល់កិច្ច សហប្រតិបត្តិការផងដែរ ។

លោកនាយឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមថាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងមានទំនាក់ ទំនង និងកិច្ចសហការល្អជាមួយ និង FBI អាមេរិក ប៉ុន្តែការចុះហត្ថលេខានេះ គឺជាលើកទី១ រវាងអគ្គស្នងការដ្ឋាន នគរបាលជាតិជាមួយ និងស្ថាប័នស៊ើបអង្កេតសហព័ន្ធអាមេរិកនេះ ។

ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងគណៈប្រតិភូ និងប្រព្រឹត្តទៅចំនួន ៥ថ្ងៃគឺចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៩ ៕ តាឡឹម


ចែករំលែក៖