ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថា២នាក់ អង្គុយផឹកស៊ីជាមួយគ្នា កើតជាឈ្លោះ រហូតបង្កហិង្សា ភាគីម្ខាងប្រើកាំបិតចាក់ឲ្យរបួសធ្ងន់ ហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជាជនអនាថា បានរងរបួសហូរឈាមប្រឡាក់ពេញខ្លួន ក៏ត្រូវរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យកាលល់ម៉ែត មកដឹកបញ្ជូនទៅសង្គ្រោះ ខណៈជនរងគ្រោះ និងជនដៃដល់ជាមិត្តភកិ្ត និងគ្នាបាននាំគ្នាផឹកស៊ីទាំងព្រឹក ពេលស្រវឹង បង្កជាឈ្លោះ និងហិង្សា ដោយភាគីម្ខាងប្រើកាំបិតចាក់ជាច្រើនកាំបិត ហើយរត់គេខ្លួនបាត់ដោយបន្សល់ទុកជនរងគ្រោះដេកដួលក្នុងថ្លុកឈាម ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៣ ខែមេសា ឆ្នាំ២០១៩ ចំណុចរបងវត្តមង្គលវ័ន្ត (វត្តថ្វាបង្គំ) តាមបណ្ដោយផ្លូវលេខ១០៧ ស្ថិតក្នុងមនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ខុក វណ្ណា អាយុ៣២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅតាមបេនឡាន នៅផ្សារថ្មីខណ្ឌដូនពេញ (រងរបួសរយះស្មាខាងឆ្វេង និង រយះថ្ពាល់ធ្ងន់ បច្ចុប្បន្នចេញពីមន្ទីរពេទ្យកាលល់ម៉ែត្រហើយ) ។ ចំណែកជនសង្ស័យមិនស្គាល់ឈ្មោះ អាយុប្រហែល៣០ឆ្នាំជាង ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួនបាត់) ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២ខែ មេសា ឆ្នាំ២០១៩ រូបគាត់បានមកបោសសម្អាតចេតិយ៍ក្នុងវត្តមង្គលវ័ន្ត (ហៅវត្តថ្វាបង្គំ) ក៏ប្រទះឃើញជនរងគ្រោះ និងជនដៃដល់ ជាជនអនាថាមានគ្នា២នាក់ បានអង្គុយផឹកជាមួយគ្នាលុះដល់ព្រឹកឡើងម៉ោងជាង៦ ស្រវឹងរៀងៗខ្លួនជនអនាថាទាំង២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ថែមទាំងរកកាប់ចាក់គ្នាម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃាត់ទាន់ ។

លុះម៉ោងកើតហេតុខាងលើ ស្រាប់តែបុរសទាំង២នាក់នោះ បានឈ្លោះគ្នាម្តងទៀតខ្លាំងជាងមុនរហូតឈានទៅដល់ហិង្សាប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមនោះជនដៃដល់បានយកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យរយះស្មាខាងឆ្វេង និង ថ្ពាល់ ហូរឈាមស្រោចពេញខ្លួនរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់តែម្តង ។ រីឯជនរងគ្រោះត្រូវរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែតមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់ពីកើតហេតុគេឃើញសមត្ថកិច្ចខណ្ឌ៧មករា និងខណ្ឌដូនពេញចុះទៅសហការគ្នានៅកន្លែងកើតហេតុផងដែរ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមេសា នេះថា ករណីបង្កហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះយើងមិនទាន់ស្គាល់អត្តសញ្ញាណជនបង្កនោះទេគ្រាន់តែដឹងថាជនរងគ្រោះ និងជនបង្ក ជាជនអនាថា និងជាមនុស្សស្គាល់គ្នា ហើយបច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ជនបង្កយកមកដាក់ទោសតាមច្បាប់ ។

បច្ចបុប្បន្ន ជនរងគ្រោះក្រោយពីព្យាបាលរបួសហើយ បានធូរស្រាលហើយក៏បានចាកចេញពីមន្ទីរពេទ្យវិញដែល ៕ ស រស្មី


ចែករំលែក៖