ព័ត៌មានទាន់ហេតុការណ៍៖

ទុកសោជាប់ម៉ូតូ ដើរទៅចាប់មាន់ មកវិញ បាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ បានទុកម៉ូតូ រួមទាំងសោ ចតចោលហើយបានដើរទៅរកចាប់មាន់ ដើម្បីយកទៅធ្វើម្ហូប ស្រាប់តែចេញមកវិញ បាត់ម៉ូតូ មិនដឹងទៅណា ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩​ នៅក្រោយសាលាជម្ពូវ័ន​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ាន់​ ហេង​ ភេទប្រុស អាយុ៤៧ឆ្នាំ​ មុខរបរកសិករ​ ស្នាក់នៅក្រោយវត្តជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកំពង់ប្រាសាទ​ ឃុំកំពង់ប្រាសាទ​ ស្រុកពាមជ័រ​ ខេត្តព្រៃវែង ។ ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FS 4175 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូទៅកន្លែងរោងចិញ្ចឹមមាន់ ក្បែរផ្ទះជួលដែលបំណងយកទៅធ្វើម្ហូប នៅស្រុកកំណើត ហើយបានចតម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ ដោយគិតថា ទៅមួយភ្លែត ក៏ខ្ជិលដកសោចេញ លុះពេលចាប់មាន់រួចមករកម៉ូតូវិញ ស្រាប់តែបាត់មិនដឹងទៅណា ទើបរត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖