អាមេរិក បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីការបាត់បង់តំណែងមហាអំណាចយោធា លើពិភពលោក និងចាញ់ប្រៀប ប្រទេស ដែលជាដៃគូប្រជែងសំខាន់បំផុតគឺចិន និងរុស្ស៊ី ។ ចំណុចទាំងនោះហើយ ទើបអាមេរិក បានអំពាវនាវឲ្យប្រទេស មហាអំណាចយោធាទាំង៣ គួរតែឈប់ផលិតអាវុធ ដោយងាកទៅកសាងសន្តិភាពវិញ ។
ប៉ុន្តែនៅពេលនេះ ចិន និងរុស្សី មានអាវុធទំនើបៗជាច្រើន មានល្បឿនលឿនអាចវាយប្រហារគោលដៅខ្ពស់ ។ ចំណុចទាំងនោះហើយបានជា រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក លោក John C. Rood បានប្រកាសថា មន្ទីរបញ្ចកោណបានឡើងគម្រោងផលិតប្រព័ន្ធគ្រប់គ្រង់ នៅទីអវកាស ដើម្បីប្រកាសអាសន្នបន្ទាន់ តាមដានមីស៊ីលល្បឿនលឿនរបស់រុស្ស៊ី និងចិន ។
លោក John C. Rood កាលពីថ្ងៃទី៤ ខែមេសា បានប្រកាសថា គូប្រជែងកំពុងតែអភិវឌ្ឍន៍ ប្រព័ន្ធមីស៊ីលល្បឿនលឿនបាញ់ចំគោលដៅខ្ពស់ អាចបំផ្លាញជាទ្រង់ទ្រាយធំ ។ លោកបន្តទៀតថា ការពារទឹកដីអាមេរិកជាអាទិភាព ដំបូងគេបង្អស់ របស់រដ្ឋាភិបាលអាមេរិក ។
តាមគម្រោងអាមេរិកនឹងបន្ថែមប្រព័ន្ធមីស៊ីលការពារ ចំនួន២០ទៀត សម្រាប់វាយស្ទាក់មីស៊ីលរបស់សត្រូវ នៅ Alaska សរុបមានប្រព័ន្ធមីស៊ីលការពារ៦៤ កងពល មីស៊ីលការពារ ។ ក្រៅពីនេះ ក៏បានផលិតប្រព័ន្ធ រ៉ាដា តាមដានសកម្មភាពគោលដៅហោះហើរនៅលើអាកាស ។
ក្រៅពីនេះ អាមេរិកនឹងសហការជាមួយបណ្តាប្រទេសជាសម្ពន្ធមិត្ត ក្នុងនោះមានណាតូ អ៊ីស្រាអែល ជប៉ុន…ដើម្បីបង្កើនបណ្តាញការពារមីស៊ីលថ្មី ដែលមានសមត្ថភាពខ្ពស់ ។
ប៉ុន្តែពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ី ចិន ព្រមទាំងសហរដ្ឋអាមេរិក ផ្ទាល់ គួរតែឈប់ចាយលុយលើសព្វាវុធទៀតទៅ ហើយងាកមកវិនិយោគលើការធ្វើដំណើរឆ្ពោះទៅរកការកសាងសន្តិភាពយូរអង្វែងវិញ ។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «រវាងរុស្ស៊ី ចិន ហើយនិងពួកយើង គឺយើងទាំងអស់គ្នាកំពុងតែខិតខំបង្កើតសព្វាវុធ រួមមានទាំងនុយក្លេអ៊ែរ ដែលគិតជាទំហំទឹកប្រាក់ ស្មើនឹងរាប់រយពាន់លានដុល្លារ ។ ខ្ញុំគិតថា វានឹងប្រសើរជាង បើពួកយើងអាចត្រូវរ៉ូវគ្នាហើយលែងផលិតអាវុធទាំងនេះ ។ ខ្ញុំយល់ថា ប្រទេសទាំង០៣ អាចស្រុះស្រួលគ្នាបាន ហើយបញ្ឈប់ការចំណាយលុយលើសព្វាវុធរួចងាកមកចាយលើអ្វី ដែលមានប្រយោជន៍សម្រាប់ការកសាង សន្តិភាពយូរអង្វែងវិញ» ។ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) ដែលមានវត្តមាននៅសេតវិមានដែរនោះ បាននិយាយថា លោកយល់ស្របជាមួយគំនិតរបស់លោក ត្រាំ ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានលើកឡើងខាងលើ ក្រោយពីរដ្ឋមន្រ្តីការបរទេសរបស់លោក គឺលោកMike Pompeo ទើបតែបានប្រាប់ឲ្យអង្គការ NATO ឲ្យត្រៀមលក្ខណៈដើម្បីប្រឈមនឹងបញ្ហាសន្តិសុខសកលថ្មី ដែលអាចបង្កឡើងដោយប្រទេសរុស្ស៊ី និងចិន ។ បើនិយាយពីទំហំនៃកញ្ចប់ថវិកា ការពារជាតិរវាងប្រទេសធំៗទាំង០៣នេះវិញ គឺសហរដ្ឋអាមេរិកមានទំហំធំជាងគេជាងឯង បើសូម្បីតែយកកញ្ចប់ថវិកាការពារជាតិរបស់រុស្ស៊ី និងចិនបូកបញ្ចូលគ្នាក៏ដោយ ក៏នៅចាញ់អាមេរិក៕