ខេត្តកំពង់ចាម ៖ មិនឲ្យឃាតកសម្ងំរត់គេចខ្លួនបានយូរទេ កម្លាំងនគរបាលខេត្តបានស្រាវជ្រាវឈានដល់កំណត់ មុខសញ្ញាជនដៃដល់ដែលបានកាត់ផ្តាច់ក្បាលចេញពីខ្លួនទៅលើជនរងគ្រោះពីរនាក់យាយ និងចៅ ត្រូវបានវែងមុខនិងចាប់ខ្លួនបានហើយ ។
ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ចំពោះករណីនេះ នគរបាលបានចាប់ផ្តើមសាកសួរជនសង្ស័យបានឆ្លើយថា ដោយសារមានគំនុំ ។
គួររំឭកថា លោកយាយនិងចៅពីរនាក់ត្រូវបានក្រុមឃាតកចាប់យកទៅអារកសម្លាប់បោះចោលក្នុងព្រៃ ក្រោយផ្ទះប្រមាណ៣៥០ម៉ែត្រ ដែលជំហានដំបូងសមត្ថកិច្ចជំនាញអះអាងបឋមថា ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតកស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ខណៈមូលហេតុនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ។
ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ទី០៣ មេសា ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ហើយត្រូវបានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចុះទៅស្រាវជ្រាវតាមប្រមាញ់ក្រុមឃាតករផងដែរ ។
ភាពភ្ញាក់ផ្អើលនេះផ្ដើមឡើងដោយសារកូនស្រីលោក យាយរងគ្រោះនៅពេលមកដល់ផ្ទះរកលោកយាយ និងក្មួយ មិនឃើញក៏ឆ្ងល់ និងចម្លែក ទើបប្ដឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរក ។
ជនរងគ្រោះទាំងពីរនាក់ (សព) លោកយាយ១-ឈ្មោះ វង្ស អូន អាយុ៥៦ឆ្នាំ និងចៅស្រី ឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិរងគ្រោះបានតាមរកឃើញនៅ ក្នុងព្រៃចំការ ស្វាយចន្ទីក្រោយផ្ទះ ដោយសពនៅឆ្ងាយពីគ្នា ចំណែកក្បាលយាយ និងចៅរហូតមកដល់វេលាម៉ោង៤រសៀល ទៅហើយនៅមិនទាន់រកឃើញនូវឡើយទៀត៕ វណ្ណៈ