ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ជំរុញឲ្យកម្លាំងប្រដាប់អាវុធពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋខេត្តស្វាយរៀង ឲ្យបានល្អប្រសើរនាឱកាសបុណ្យចូលឆ្នាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលាខេត្តស្វាយរៀងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ គ.ស. ២០១៩ ដែលមានទេវតាព្រះនាម ទុង្សទេវី។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម ។

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងភ្ញៀវជាតិ អន្តរជាតិដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ ។

លោកស្រីបានបន្តទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យ មួយកម្រិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ ធានាបានសេដ្ឋកិច្ចកាន់តែល្អប្រសើរ គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការឲ្យមានជីវភាពសមរម្យ ។

លោកស្រីបានបញ្ជាក់ថាការជួបជុំគ្នានៅពេលនេះ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះ ជាប្រពៃណីដ៏យូរមកហើយរវាងខេត្តស្វាយរៀង ឡុងអាន តៃនិញ ក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក ហើយមិនត្រឹម បានញាំងឲ្យមានបរិយាកាសមានភាពអធិកអធ័មប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ច និងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក។

លោកស្រី ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង ឲ្យបានច្រើនកុះករហើយត្រូវប្រុងប្រយត្ន័ភ្លើងអគ្គិភ័យដែលកើតឡើង ជាយថាហេតុ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ ៕ យឹម សុថាន


ចែករំលែក៖