ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្សារទិញម្ហូប ចេញមកវិញ លោកចោរ កាច់កម៉ូតូជិះទៅបាត់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០១៥ ពណ៌ខ្មៅ ត្រូវបានជនមិនស្គាល់មុខ លួចកាច់ក នៅចំណុចផ្សារកំពង់ចក ខណៈម្ចាស់ម៉ូតូជិះមកឈប់ហើយចូលក្នុងផ្សារដើម្បីទិញម្ហូប លុះចេញមកវិញ ក៏មានការភ្ញាក់ផ្អើល ដល់អ្នកលក់ដូរ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចផ្សារកំពង់ចក ស្ថិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ច នគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ វ៉ាន់ ដារ៉ា ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិអកនាឃ សង្កាតសង្ឃ័រ ក្រុងស្វាយរៀង ខណៈម៉ូតូដែលត្រូវជនសង្ស័យកាច់កម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE 9581 ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ហើយក៏បានឈប់ចត មុខផ្សារកំពង់ចក រួចក៏បានចាក់សោកដើរចូលក្នុងផ្សារបាត់ ប្រមាណ២០នាទី ស្រាប់តែស្ត្រីបានចេញពីក្នុងផ្សារ ក៏មានការភ្ញាក់ផ្អើលថា បាត់ម៉ូតូទើបប្រញាប់ប្រញាល់រត់មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ដើម្បីស្វះស្វែងរកម៉ូតូរបស់ខ្លួនមកវិញ ៕ យឹម សុថាន


ចែករំលែក៖