ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែជប់លៀងសប្បាយ ស្រាប់តែដុំថ្ម និងកែវហោះពេញមេឃគេចសឹងមិនទាន់

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីរោងចក្រពីរកន្លែង ដែលនៅជិតគ្នា បានបង្កើតកម្មវិធីជប់លៀង មុនពេលបែកគ្នាទៅផ្ទះរៀងខ្លួន នាចូលឆ្នាំខាងមុខនេះ ខណៈកំពុងតែរាំលេងពីរវង់ផ្សេងគ្នា ស្រាប់តែទាស់សម្តីគ្នាវាយគ្នាទៅវិញទៅមកមានទាំងដុំថ្ម និងដបស្រាបៀរហោះពេញមេឃបណ្តាលឲ្យរបួសច្រើនអ្នកផ្អើលដល់ សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងរោងចក្រ «ខេមបូឌាន រេដសាន់ ខ្លូសុីង ខូអិលធីឌី» និងរោងចក្រ «មីល័រ ខេមបូឌា ហ្គាមុិន ឯក» ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នករងរបួសធ្ងន់ចំនួន៣នាក់ និងស្រាល៧នាក់ហើយមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយ ពួកគេត្រូវបានបញ្ជូនទៅសង្រ្គោះនៅតាមបណ្ដាគ្លីនិកឯកជនមូលមិត្ត ចំណែកអំពើហិង្សាមួយនេះ ផ្ដើមចេញពីយុវជន២ទៅ៣នាក់ បន្លំវាយក្បាលនាងកម្មការិនី២នាក់ ។ បន្ទាប់មកពួកនាងបានប្រាប់ប្ដី និងសង្សាររបស់នាង ទើបមានការសួរនាំគ្នា រហូតក្លាយទៅជាទំនាស់ប្រើហិង្សាវាយតប់គប់ដុំថ្ម ដបស្រា និងកែវស្រាដាក់គ្នាទៅវិញ ទៅមករហូតមានអ្នករងរបួសធ្ងន់ និងស្រាលតែម្ដង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុថៅកែរោងចក្រកាត់ដេរទាំង២ខាងលើបានធ្វើពិធីជប់លៀង ជូនកម្មករ ដើម្បីបានសប្បាយរីករាតនៅក្នុងឱកាសចូលឆ្នាំថ្មី ហើយកម្មវិធីនោះប្រព្រឹត្តទៅយ៉ាងរលូន ។ ក្រោយមកមានកម្មការិនី២នាក់ បម្រើការងារនៅក្នុងរោងចក្រ «ខេមបូឌាន រេដសាន់ ខ្លូសុីង ខូអិលធីឌី» បានជិះម៉ូតូ១គ្រឿងចេញក្រៅដើម្បីរកទិញអីហូប ក៏បានជួប និងយុវជន១ក្រុមដែលជាអ្នកបម្រើការងារនៅក្នុងរោងចក្រ «មីល័រ ខេមបូឌា ហ្គាមុិន ឯក» ។ ខណៈនោះយុវជនខាលើបានយកម្សៅទៅប៉ាតពួកនាង និងបន្លំវាយក្បាលពួកនាងទាំង២នាក់ ហើយពួកនាងប្រកាន់ខឹងយ៉ាងខ្លាំង ហើយពេលជិះម៉ូតូត្រឡប់ទៅដល់ក្នុងរោងចក្ររបស់ខ្លួនវិញ ពួកនាងបានយករឿងនោះទៅប្រាប់ប្ដី និងសង្សារ ។

ប្រភពនោះបាននិយាយបន្តថា គ្រាន់តែដឹងភ្លាម ប្ដី និងសង្សារបាននាំមិត្តភក្ដិ ៥ទៅ៦នាក់ចេញទៅសួរនាំពីមូលហេតុ ដែលយុវជនទាំងនោះវាយក្បាលប្រពន្ធ និងសង្សាររបស់ខ្លួន ទើបក្លាយទៅជាទំនាស់វាយតប់គ្នា មិនតែប៉ុណ្ណោះហើយភាគីម្ខាងៗ មានគ្នារាប់រយនាក់បានគប់ដុំថ្ម ដបស្រា និងកែវស្រាដាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់៣នាក់ និងស្រាល៧នាក់តែម្ដង ។

ក្រោយពេលកើតហេតុ នគរបាលខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ ចំណែកតំណាងរោងចក្រទាំង២បានសម្របសម្រួលគ្នា ដោយបញ្ចប់រឿងមិនប្ដឹងផ្ដល់គ្នាឡើយ លុះត្រាតែមានកម្មកររោងចក្រណាមួយស្លាប់ទើបមានការប្ដឹងផ្ដល់ ៕ សុខាសែនជ័យ


ចែករំលែក៖