ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក រឿង ផៃរិទ្ធ និងបក្ខពួកនៅតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាខ្នងបង្អែកដ៏រឹងមាំ។ ដូច្នេះហើយទើបមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក រឿង ផៃរិទ្ធ ខ្លះផង។ ទន្ទឹមនឹងនេះក៏មានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក រឿង ផៃរិទ្ធ ផងដែរ។
បើតាមការអះអាងរបស់មន្ត្រីគណនេយ្យប្រចាំមន្ទីរនិងអង្គភាពជុំវិញសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក រឿង ផៃរិទ្ធ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាត់ភាគរយពីប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្មពីមន្ទីរអង្គភាពចំណុះសាលាមណ្ឌលគិរី ដោយគ្មានញញើតអ្វីទាំងអស់។ ប្រសិនបើមន្ទីរអង្គភាពឬរដ្ឋបាលថ្នាក់ឃុំ សង្កាត់ និងថ្នាក់ស្រុក ក្រុង មិនកាត់ភាគរយតាមការកំណត់របស់លោក រឿង ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ទេនោះគឺមិនងាយបើកបានប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្មយកទៅប្រើប្រាស់តាមគម្រោងបានឡើយ។ ប្រភពពីមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពចំណុះសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ទាល់តែកាត់ភាគរយឲ្យលោក រឿង ផៃរិទ្ធ និងបក្ខពួកទើបអាចបើកប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្មបានទាន់ពេលវេលា។
ប្រភពដែលស្និទ្ធនឹងលោក រឿង ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលលោក រឿង ផៃរិទ្ធ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងហិរញ្ញវត្ថុ។ ដូច្នេះហើយទើបលោក រឿង ផៃរិទ្ធ តែងតែប្រើលេសពន្យារពេលក្នុងការបើកប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្ម សម្រាប់មន្ទីរអង្គភាពចំណុះសាលាខេត្តមណ្ឌលគិរី ដើម្បីទាមទារកាត់ភាគរយពីប្រាក់គម្រោងទាំងនោះ។ រឿងអាស្រូវពុករលួយរបស់លោក រឿង ផៃរិទ្ធ និងបក្ខពួកត្រូវបានបើកកកាយជាបន្តបន្ទាប់រួចទៅហើយ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ហេតុនេះហើយទើបមន្ត្រីក្នុងមន្ទីរហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អំពាវនាវជាថ្មីទៀតឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក រឿង ផៃរិទ្ធ ជាបន្ទាន់។ បើសិនលោក អូន ព័ន្ធមុនីរ័ត្ន មិនចាត់វិធានការទប់ស្កាត់ទេនោះ គឺលោក រឿង ផៃរិទ្ធ និងបក្ខពួកបន្តឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះពួកគេបទពិសោធន៍ច្រើនឆ្នាំមកហើយ៕