ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជិះម៉ូតូប្រើប្រាស់ល្បឿនរេចង្កូត បុកបង្គោលចំណាំងផ្លាតស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយត្ន័ រេចង្កូតទៅបុកបង្គោលចំណាំងផ្លាតពេញទំហឹង លាន់សូរប្រ៉ាវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំំណើរកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអណ្ដូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះខា ចិន្ដា អាយុ២៣ឆ្នាំ រស់នៅភូមិឫស្សីចង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក YAMAHA SZ ពណ៌ខ្មៅក្រហមពាក់ស្លាកលេខ ស្វាយរៀង 1M2553 ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA SZ ពណ៌ខ្មៅក្រហមពាក់ស្លាកលេខ ស្វាយរៀង 1M2553 លើផ្លូវជាតិលេខ១៣ ពីជើងទៅត្បូង ដោយប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយត្ន័ ស្រាប់តែរេចង្កូតទៅបុកបង្គោលចំណាំងផ្លាត ដែលគេដាក់សម្គាល់ បណ្ដាលឲ្យបាក់ក ស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖