ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿង បុកត្រាក់ទ័របញ្ឈរទុកលើថ្នល់ខុសទិស ហើយគ្មានប្រព័ន្ធភ្លើង ស្លាប់ម្នាក់ររបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿង បុកត្រាក់ទ័របញ្ឈរទុកលើថ្នល់ខុសទិស ហើយគ្មានប្រព័ន្ធភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ប៉ែន តុល អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដោយជិះម៉ូតូ ម៉ាក HONDAC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J.៦៦៣៦ ។

ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះ ឈឹម សំអុន អាយុ43ឆ្នាំ មុខរបរកសិកររស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខណៈជិះម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ ស៊េរី2018 ពាក់ស្លាកលេខ ស្វាយរៀង1M.1183 ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ចំណែកអ្នកបើកត្រាក់ទ័រត្រូវបានស្គាល់ឈ្មោះ ភូ ភេទប្រុស អាយុ44ឆ្នាំ រស់នៅស្រុកតាំងបៀង ខេត្តតៃនិញ ក្រោយកើតហេតុ បានបើកគេចដល់ចំណុចភូមិត្រស់ ស្រុករមាសហែក ក៏ទុកត្រាក់ទ័រចោលរត់គេចខ្លួនបាត់ ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូ២គ្រឿង បានធ្វើដំណើរស្របទិសគ្នាពីទិសខាងជើង មកត្បូង ណាមួយយប់ងងឹតផង ក៏បុកត្រាក់ទ័របញ្ឈរទុកនៅថ្នល់ខុសទិសគ្នា ហើយគ្មានប្រព័ន្ធភ្លើងពេញទំហឹង លាន់ដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ និងបញ្ជូនអ្នករងរបួសធ្ងន់ មកសង្គ្រោះនៅមន្ទីរពេទ្យ និងវាស់វែងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖