ភ្នំពេញ៖ យោងតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះថា បុរសជនជាតិស៊ី្វសម្នាក់ ត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារព្រៃស បណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធី ក្រោយពាក់ព័ន្ធនឹងករណីបន្លំក្រដាសប្រាក់ដុល្លារក្លែងក្លាយនៅទូ ATM ធនាគារ ABA ។
ជនជាប់ចោទមានឈ្មោះ HOFER PETER ភេទប្រុសអាយុ៦៤ឆ្នាំ ជាជនជាតិស៊ី្វស កាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទូរ ATM ធនាគារ ABA ទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ៥៣កែងផ្លូវលេខ១៣៦ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
វត្ថុតាងដែលចាប់យកបានមានលុយក្រដាស១០០ដុល្លារក្លែងក្លាយចំនួន០១សន្លឹក លុយដុល្លារចំនួន១១៦$ និងលុយថៃចំនួន៥២៤០បាត លុយខ្មែរចំនួន២មុឺនរៀល, លិខិតឆ្លងដែន១ក្បាល, ទូរស័ព្ទដៃម៉ាក Xiami ពណ៌ខ្មៅចំនួន១ , វ៉ែនតាចំនួន២, ថ្នាំពេទ្យមួយចំនួន , កាតATM ចំនួន៤, កាតសំគាល់ខ្លួនចំនួន៣ , ប្រអប់ដាក់កាតចំនួន១, ប័ណ្ណបើកបរអន្តរជាតិចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១(ជារបស់ជនសង្ស័យ) ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី៦ ខែមេសាឆ្នាំ ២០១៩ ជនសង្ស័យខាងលើ បានទៅដកលុយពីទូ ATM ក្នុងធនាគារ ABA ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន១០០$ (មួយរយដុល្លារ) ចេញពីទូ ATM បានហើយក៏យកលុយ១០០ ដុល្លារ នោះមកបង្ហាញដល់បុគ្គលិកធនាគារហើយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះជនរងគ្រោះ(តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមើលរឿងនេះឲ្យនិងឲ្យជនសង្ស័យត្រឡប់ទៅវិញសិនចាំម៉ោង៣រសៀលចាំមកដោះស្រាយជូន ។ ពេលនោះជនសង្ស័យ ក៏បានចេញទៅបាត់ទៅ បន្ទាប់មកជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមើលទើបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស១០០ ដុល្លារក្លែងក្លាយចេញពីកាបូបស្ពាយពណ៌ខ្មៅមកកាន់បន្លំបង្ហាញបុគ្គលិកធនាគារ ABA ថាជាលុយដុល្លារដែលដកបានពីATM នោះជាលុយដុល្លារក្លែងក្លាយរហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ជនសង្ស័យត្រលប់មកវិញ ទើបជនរងគ្រោះបានធ្វើការសួរនាំ និងបើកឲ្យមើលកាម៉េរ៉ាសុវត្ថិភាពទើបជនសង្ស័យ បានសារភាពថាខ្លួនពិតជាមកធ្វើការបន្លំពិតប្រាកដមែន ។
បច្ចុប្បន្នជនជាប់ចោទមានឈ្មោះ HOFER PETER ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសបណ្ដោះអាសន្នដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធីនៅពេលក្រោយ ៕ ស រស្មី