ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់បើកបរម៉ូតូឆ្លងផ្លូវដោយល្បឿនលឿនបុករ៉ឺម៉ក កង់បីបណ្ដាលឲ្យរបួសធ្ងន់ ស្រាល៦នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ បើកបរម៉ូតូបត់ឆ្លងផ្លូវដោយល្បឿនលឿន បានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក (ម៉ូតូកង់បី) មួយគ្រឿងទៀត បណ្ដាលឲ្យស្រ្ដីជាអ្នកបើកម៉ូតូឆ្លងផ្លូវរបួសធ្ងន់ រីឯមនុស្ស៥នាក់ នៅលើម៉ូតូកង់បីរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខខ្លោងទ្វារវត្តសុវណ្ណសាគរ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិអរិយក្យត្រ ឃុំអរិយក្យត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ស្រ្ដីរងគ្រោះរងរបួសធ្ងន់ឈ្មោះ នូ សុខហៀង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ត កណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-8756 ។ ចំណែកជនរងគ្រោះរងបួសស្រាលមាន៥នាក់ ទី១-ឈ្មោះ ហាត ហ៊ឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នករត់កង់បី មានទីលំនៅភូមិពុកប្ញស្សីលើ ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូរ៉ឺម៉កកង់បី ម៉ាក ស៊ុយហ្ស៊ូគីវីវ៉ា ធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1I -8735 ទី២-ឈ្មោះ ឡាត់ ម៉េងហ័ង ភេទស្រី អាយុ១៥ឆ្នាំ (អ្នករួមដំណើរ) ៣-ឈ្មោះ ហូ ស្រីលិន ភេទស្រី អាយុ១៦ឆ្នាំ (អ្នករួមដំណើរ) ៤-ឈ្មោះ អល់ អេងលី ភេទស្រី អាយុ១៥ឆ្នាំ (អ្នករួមដំណើរ)និងទី៤-ឈ្មោះ សួស ឆេងអេង ភេទស្រី អាយុ១៦ឆ្នាំ (អ្នករួមដំណើរ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្ដីរងគ្រោះបើកបរម៉ូតូតាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីកើតទៅលិច ធ្វើដំណើរចេញពីខ្លោងទ្វារវត្តសុវណ្ណសាគរ ទៅផ្លូវលេខ៣៨០ ក្បែរប៉ុស្តិ៍អរិយក្សត្រ ខណះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូកងបីមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើង ដោយមានអ្នករួមដំណើរ៤នាក់ពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរ និងអ្នករួមដំណើរ៤នាក់ពីលើម៉ូតូកង់បីរងបួសស្រាល ។

ក្រោយពីមានហេតុការណ៍ កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើ គឺបណ្ដាលមកអ្នកបើកបរម៉ូតូហុងដាឌ្រីម បើកឆ្លងផ្លូវមានល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ទើបធ្វើឲ្យកើតមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖