ខេត្តពោធិ៍សាត់៖ កម្លាំងសហការអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៨ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃអង្អារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍ នគរបាលស្រុកវាលវែងឃើញថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ញ៉ែត ធាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅរាជធានីភ្នំពេញ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
របាយការណ៍នគរបាលខាងលើបន្តទៀតថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈ ដែលបានប្រព្រិត្តឡើងនៅក្នុងផ្ទះលេខ៩១អឺ ៤ហ្សិត ផ្លូវលេខ១០៧ ស្ថិតក្នុងភូមិទី៣ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៨ ។
ជនសង្ស័យត្រូវបាននគរបាលខេត្តពោធិ៍សាត់ប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនីតិវិធី៕ ប៉ឹម ពិន