ភ្នំពេញ ៖ ជនសង្ស័យ ជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពលួចយកលិខិតឆ្លងដែនចំនួន១៨ក្បាល របស់ម្ចាស់ផ្ទះសំណាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ អានតា ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យចាប់ខ្លួនបាន ឈ្មោះ Li SHENGYUN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួលលេខ១០២ ក្នុងផ្ទះសំណាក់ អានតា ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ Ling Xiang ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរថៅកែផ្ទះសំណាក់អានតា ស្នាក់នៅក្នុង ផ្ទះសំណាក់ខាងលើ ។ សម្ភារៈបាត់បង់ លិខិតឆ្លងដែនរបស់ភ្ញៀវចំនួន១៨ក្បាល ត្រូវបានដកហូតមកវិញចំនួន១៨ក្បាល ។
តាមជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី៤ខែមេសាឆ្នាំ២០១៩ ជនសង្ស័យបានមកជួលផ្ទះសំណាក់ដើម្បីស្នាក់នៅលុះរហូតមកដល់វេលាម៉ោង៣ និង១០នាទីទាប់ភ្លឺថ្ងៃទី១០ខែមេសា ជនសង្ស័យបានគាស់ទូលួចយកលិខិតឆ្លងដែនរបស់ភ្ញៀវហើយគេចខ្លួនបាត់ ។
សាក្សីបន្តថា ក្រោយមកស្រាប់តែមានមនុស្សម្នាក់បានឆាតតាមវីឆាតប្រាប់ពីទីតាំង ដែលជនសង្ស័យគេចខ្លួនទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលសង្កាត់ជ័យជំនះ ខណ្ឌដូនពេញចុះឃាត់ខ្លួនជនសង្ស័យដែលសំងំនៅផ្ទះសំណាក់មួយកន្លែងទៀតបានតែម្តង ។
ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ