ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌព្រែកព្នៅរៀបចំពិធីសូត្រមន្តសុំសិរីសួស្តីឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅសាលាខណ្ឌព្រែកព្នៅ មានរៀបចំពិធីសូត្រមន្តសុំសិរីសួស្តី បវរមហាប្រសើរ សម្រាប់ឆ្នាំថ្មីនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ ប៉ូរ៉ា ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីអស់លោក-លោកស្រី មន្ត្រីក្រោមឱវាទ សាលាខណ្ឌទាំងអស់ ។

ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។ ការរៀបចំពិធីសូត្រមន្ត បង្សុកូលពិធីនេះ បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងដោយមានការសូត្រមន្តសមាទានសិលចម្រើនព្រះបរិត្ត ប្រគេនទេយវត្ថុ ដើម្បីឧទិ្ទសកុសលផលបុណ្យ ជូនដល់បុព្វបុរស ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ។

ពិធីនេះផងដែរ ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ព្រះនាង ព្រះនាមទុង្សាទេវី ដែលនឹងយាងចូលមកថែរក្សា គ្រប់គ្រង ព្រះរាជាណាចក្រកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំ ពរជ័យសព្ទសាធុការ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខណ្ឌទាំងអស់ ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសកម្មភាពជួយប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំរបស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ៕ ធឿនព្រែកជ័យ


ចែករំលែក៖