ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ និងនគរបាលស្រុកស្ទឹងហាវកំពុងដុតដៃដុតជើង ស្រាវជ្រាវរកមុខឃាតកដៃដល់ ដែលចាប់រំលោភរួចសម្លាប់ស្រ្តីមានសតិមិនគ្រប់ម្នាក់យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង៨យប់ថ្ងៃ ចន្ទ ៤កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ មេសា ឆ្នាំ២០១៩ នៅចំណុចឃុំកែវផុស ស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងហាវ បានឲ្យដឹងថា ស្ត្រីរងគ្រោះ អាយុ៣៦ឆ្នាំ នាងមានសតិមិនគ្រប់គ្រាន់ទេ មានទីលំនៅក្នុងក្រុម១ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ស្រ្តីរងគ្រោះត្រូវ ជនសង្ស័យមិនស្គាល់មុខ ចាប់រំលោភ រួចច្របាច់.ក និងយកដំបងឈើវាយសម្លាប់ទាំងកាយអាក្រាតតែម្តង ព្រោះឃើញនៅលើចិញ្ចើមខាងឆ្វេងនាង ត្រូវបែកប្រហែល៥សង់ទីម៉ែត្រ ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចសាកសពស្រ្តីរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយមកដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ នាំមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបានខណៈដែលគេសង្ឃឹមថាមិនយូរមិនឆាប់ឃាតកនឹងត្រូវបានវែកមុខឃើញ៕ ឆ្លាមសមុទ្រ