ភ្នំពេញ៖ ដោយសារតែមិនចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបធ្វើឲ្យយុវជនប្រុសស្រីប្រមាណជាង២០នាក់ ដោយមួយក្រុមជនជាតិវៀតណាម មានគ្នាជាង១០នាក់ និងក្រុមទៀតជាក្មេងស្ទាវ មានជនជាតិខ្មែរ និងវៀតណាមជាង១០នាក់ បានបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងហុងកុង បន្ទាប់ពីពួកគេបាននាំគ្នាចូលរាំលេងក្នុងក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ”រ៉េនក្លឹប RAIN CLUB” ហើយរាំជាន់ជើងគ្នាបន្តិចបន្តួច ក៏បបួលគ្នាចេញមកខាងក្រៅក្លឹបវាយគ្នា ដោយម្ខាងៗប្រើសុទ្ធតែដុំថ្មហោះប្រសាចពេញថ្នល់ គប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ មិនហ៊ានជិះឆ្លងកាត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយធ្វើអន្តរាគមន៍ រហូតឈានទៅដល់ការឃាត់ខ្លួនក្មេងស្ទាវប្រុសស្រីបានចំនួន៣នាក់ យកមកធ្វើការអប់រំផងដែរ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចមុខហ្គារ៉ាសសាំងកាល់តិច លើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្មេងស្ទាវប្រុសស្រីទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី១.ឈ្មោះ នុន សុភ័ត្រា ហៅ អានុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ ។ ទី២.ឈ្មោះ សុខ ជា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្ភូំភូមិវៀតណាម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ទី៣.ឈ្មោះ ញី ហ្វាង ហៅ អាញី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅលើប៉ែត្រីមាត់ទន្លេ (ភូមិវៀតណាម) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមប្រភពព័ត៍មានពីយុវជនម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភ័ក្តជាច្រើននាក់ទៀត បានមករាំកម្សាន្តនៅក្នុងក្លឹបរាត្រីមួយឈ្មោះថា “រ៉េនក្លឹប RAIN CLUB” នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រ ពីចំណុចកើតហេតុខាងលើ ហើយមិត្តភ័ក្តខ្លួនបានហៅស្រាបៀរមកផឹក និងរាំលេងកម្សាន្ត។
យុវជនខាងលើបន្តថា ពេលកំពុងរាំកម្សាន្តនោះ មានក្រុមក្មេងស្ទាវជនជាតិវៀតណាម និងខ្មែរ បានមករាំជិតពួកគេ ហើយឌឺដងរហូតជាន់ជើងថែមទៀត ទើបទាស់សម្ដីគ្នារកវាយគ្នា តែត្រូវបានមិត្តភ័ក្តដែលជាអ្នកស្គាល់ទាំងសងខាងឃាត់ និងហាមមិនឲ្យឈ្លោះជាមួយភាគីម្ខាងទៀតទេ ព្រោះគិតថា មករាំលេងសប្បាយ មិនមែនមកបញ្ចេញសាច់ដុំដាក់គ្នា នាំតែកើតមានហិង្សាវាយគ្នារញ៉េរញ៉ៃតែប៉ុណ្ណោះ ទើបរូបគេនាំគ្នាផឹក និងរាំកម្សាន្តរហូតអស់ស្រា ក៏បបួលមិត្តភ័ក្តរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ដោយខ្លះជិះម៉ូតូ និងពួកគេ៤នាក់ ដើរថ្មើជើងទិសដៅពីត្បូងទៅជើង។
យុវជនវៀតណាមម្នាក់ទៀត បានប្រាប់ដែរថា លុះពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញក្មេងស្ទាវមួយក្រុមទៀត ដែលឈ្លោះគ្នាក្នុងក្លឹបនោះ មានគ្នាជាង១០នាក់ ជិះម៉ូតូ៤-៥គ្រឿង មកពីក្រោយ ឆាបពួកគេ ហើយស្រែកដាក់ពួកគេទៀត ទើបពួកគេស្រែកដាក់វិញ ជាហេតុធ្វើឲ្យក្រុមម្ខាងទៀតនោះ ឈប់ម៉ូតូ ហើយបត់ត្រឡប់ក្រោយ ទើបពួកគេឆោឡោប្រាប់មិត្តភ័ក្ត ដែលជាជនជាតិវៀតណាម នៅច្រកដឿងហែម ចំណុចកើតហេតុខាងលើថា គេវាយគ្នាយើយហើយ ទើបមិត្តភ័ក្តជាច្រើនទៀត រត់ចេញមករើសដុំឥដ្ឋដុំថ្មគប់ទៅលើក្រុមក្មេងស្ទាវម្ខាងទៀត ដែលជិះម៉ូតូនោះ។ ដោយឡែក ក្រុមក្មេងស្ទាវម្ខាងទៀតនេះ ក៏ចុះមករើសដុំឥដ្ឋ បើកឆាកប្រយុទ្ធគប់មកលើពួកគេវិញ ដោយដុំថ្មដុំឥដ្ឋប្រសាចដូចទឹកភ្លៀង ធ្លាក់រាយប៉ាយពេញថ្នល់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរមិនហ៊ានជិះឆ្លងកាត់ ហើយនាំគ្នាជិះត្រឡប់ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម លោកវរសេនីយ៍ត្រី គង់ សុវង្ស អធិការរងខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះអន្តរាគមន៍ភ្លាមៗ ។ ពេលនោះគ្រាន់តែឃើញកម្លាំងសមត្ថកិច្ចចុះមកភ្លាម ក្រុមក្មេងស្ទាវប្រុសស្រីមានទាំងខ្មែរ និងវៀតណាម មានគ្នាជាង១០នាក់នោះ នាំគ្នារត់ចូលច្រកដឿងហែមចុះទៅទន្លេ (ប្លុកភូមិវៀតណាម) គេចខ្លួនពួនបាត់ស្រមោលអស់ ហើយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានឃើញក្មេងស្ទាវប្រុសស្រី៣នាក់ (ក្នុងនោះមានយុវតីជនជាតិវៀតណាមម្នាក់) ដែលឈរនៅកន្លែងកើតហេតុនោះ ក៏សួរនាំពួកគេ ទើបដឹងថា អ្នកណាជាដើមហេតុ រួចនាំយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោមតែម្ដង។
លោកអនុសេនីយ៍ឯក វុឌ្ឈ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានបញ្ជាក់ថា ក្រោយពីកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ បាននាំក្មេងស្ទាវប្រុសស្រីទាំង៣នាក់ យកមកធ្វើការសាកសួរនៅស្នាក់ប៉ុស្តិ៍ រួចធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន តែពុំមានជាប់សារធាតុញៀនអ្វីឡើយ ទើបលោកឲ្យពួកគេទាក់ទៅហៅអាណាព្យាបាលឲ្យមកធានាធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ស រស្មី