ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាច្រើននាក់ , នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនមន្ត្រីយោធាម្នាក់ឈ្មោះ សេង សុភគ៌ ជាអគ្គនាយកក្រុមហ៊ុនលក់និងបង់រំលស់រថយន្ត យីហោ សេង ហួត ករណីឆបោកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក តាមរូបភាពយកឡានជួលពីអ្នកដទៃ មកលក់ ឬ បង់រំលស់ ឱ្យប្រជាពលរដ្ឋ ។
ប្រភពព័ត៌មាន បញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋជាច្រើននាក់ ដែលរងគ្រោះដោយសារ ក្រុមហ៊ុនធ្វើនំអត់ម្សៅរបស់ឃ្លាំងលក់និងបង់រំលស់ យីហោ សេង ហួត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧២ ក្រុម២ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លេងល្បិច ប្រើស្នៀតឆបោកលុយពីប្រជាពលរដ្ឋ អតិថិជនរាប់រយនាក់ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលោះរថយន្ត គ្រប់ប្រភេទ ម្នាក់ៗថ្ងូរស្រែកទ្រហោយំ អស់រាប់ពាន់ដុល្លារ ជាប្រាក់កក់ក្នុងការបង់រំលោះរថយន្ត ទៅតាមស៊េរី តែធាតុពិតកុំថាឡើយសំបក តួរឡាន សូម្បីតែកង់ឡានមួយគ្រាប់ ក៏មិនបានផង ។
ប្រជាពលរដ្ឋ បានទៅតវ៉ាទាមទារលុយវិញ តែក្រុមហ៊ុនយកលេសដោះសារថាចាំថ្ងៃនេះ ចាំថ្ងៃនោះ ពីមួយថ្ងៃទៅមួយថ្ងៃ លុយក៏អស់ឡានក៏អត់ ហើយ ពលរដ្ឋរងគ្រោះ ប្រមាណជាង៥០នាក់ លើកគ្នាទៅតវ៉ា ទាមទាររកសំណងលុយរបស់ខ្លួនវិញ បង្កឲ្យផ្អើលកក្រើក ដោយអគ្គនាយកក្រុមហ៊ុននេះ បានគេចខ្លួនបាត់ នៅតែទីតាំង សូម្បីតែឡានមួយគ្រឿងក៏គ្មានឃើញនៅឃ្លាំងដែរ ។
តាមប្រជាពលរដ្ឋរងគ្រោះ លើកឡើង ថា ក្នុងរូបភាពឆបោក របស់ក្រុមហ៊ុន សេង ហួត ដែលមាន បុរសម្នាក់ ឈ្មោះ សេង សុភគ៌ ជាអគ្គនាយកក្រុមហ៊ុនបោកប្រាស់ពលរដ្ឋ បង់លុយ១ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ តាមប្រភេទស៊េរីរថយន្ត កក់ទុកមុនរង់ចាំរថយន្តមកដល់ ដោយក្រុមហ៊ុនប្រាប់ឲ្យមកយកជាក្រោយតែធាតុពិត គ្មានទេរថយន្តនោះបានលុយ មានទាំងឯកសារ លាយល័ក្ខណ៍អក្សរហើយ ឲ្យរង់ចាំពេលនេះ ពេលនោះ ហួសកំណត់ ទារលុយវិញក៏ក្រុមហ៊ុនមួយនេះមិនឲ្យ អ្នកខ្លះជេរ ប្រទេច ដាក់បណ្តាសារ ទៅបានលុយខ្លះមកវិញ ពលរដ្ឋខ្លះ អស់ដល់ទៅ ៥ពាន់ ១មុឺនដុល្លារ ហើយទារវិញអត់បាន ឯកសារម្នាក់ៗកាន់ពេញដៃ ជាភស្តុតាង ។
ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីយោធាឈ្មោះ សេង សុភគ៌ នេះ ហេីយ ដោយរង់ចាំមើលថា តើសមត្ថកិច្ចនឹងចាត់ការយ៉ាងដូចម្ដេចចំពោះជនឆបោករូបនេះ ៕ ចេស្តា