ខេត្តរតនគិរី៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី លោក ឡេង វណ្ណ រិទ្ធ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជា បណ្តោះអាសន្ន ទៅលើជនត្រូវចោទជាជនជាតិវៀតណាម១២នាក់ ដែលបានយក គ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យាន ជាតិវិរៈជ័យដោយខុសច្បាប់ និងបើកដៃអោយចូលដោយលោក សៀក វរៈ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ ភូមិចង)ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាមនោះ ។
មិនអាចសុំការបំភ្លឺបានទេពីតុលាការកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ថាតើ លោក ណុប ណាក់ ហៅ(ណាក់ក្បាលធំ)អាចពាក់ព័ន្ធក្នុងបទល្មើសនេះឬមួយយ៉ាងណា ខណៈត្រូវបានគេទម្លាយថាគាត់ជាអ្នកយកលុយពីថៅកែវៀតណាម ដើម្បីឈានដល់ធ្វើសកម្មភាពកាប់អូសឈើ បើរឿងនេះមិនត្រូវបានបង្ក្រាបទាន់ពេលវេលាពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីទាន់ពេលទេនោះ ។ ផ្ទុយទៅវិញបើតាមលោក អ៊ុក គឹមជុន ប្រធានពន្ធនាគារខេត្តរតនគិរី បានអោយដឹងថា៖ តុលាការបានចោទប្រកាន់ ជនត្រូវចោទទាំង១២នាក់នោះ ពីបទ «ឆ្លងដែន និងយកគ្រឿងចក្រចូលឈូសឆាយដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ » ។
គួររម្លឹកថា៖ យោងតាមមាត្រា១៣ នៃក្រមព្រហ្មទណ្ឌ បទ៖ (ទីកន្លែងប្រព្រឹត្តបទល្មើស) បទល្មើសត្រូវបានចាត់ថាប្រព្រឹត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលអំពើណាមួយនៃបទល្មើសនោះ បានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ពាក់ព័ន្ធនេះឃើញថា៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ក៏បានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាម១២នាក់ ទៅសាលាដំបូង ខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី សំយោគបទល្មើស លួចឆ្លងដែនចូល ប្រទេសកម្ពុជាដោយខុសច្បាប់ ។ នេះបើ តាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរី ដែលសូមគោរពរាយការណ៍ជូន លោករដ្ឋមន្ត្រី ហើយត្រូវបាន លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុកថែមទៀតនោះ ។
សូមបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០១៩ នេះកម្លាំងនគរបាល អន្តោប្រវេសន៍នៃ ស្នងការដ្ឋាននគរបាល ខេត្តរតនគីរី បានបញ្ជួនខ្លួនជនជាតិ វៀតណាមចំនួន១២ នាក់ទៅតុលាការខេត្ត រតនគិរីដើម្បីចាត់ការបន្តពាក់ព័ន្ធនាំគ្រឿងចក្រចំនួន០៦គ្រឿងឆ្លងដែនខុសច្បាប់ចូល មកក្នុងដីកម្ពុជា ។ បន្ទាប់មកនាថ្ងៃ ទី២០ ខែ មេសា ឆ្នាំ២០១៩នេះ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តរតនគិរី ក៏បានប្រាប់កាសែតក្នុងស្រុកឲ្យដឹងផងដែរថា ៖ ជនជាតិវៀតណាមទាំង១២ នាក់ តុលាការបានចោទប្រកាន់ ពីបទ «នាំ គ្រឿងចក្រឆ្លងដែនខុសច្បាប់ចូលមកក្នុង ទឹកដីកម្ពុជា ។
លោកបន្តថា៖ បច្ចុប្បន្នជនជាតិវៀតណាម ទាំងនេះកំពុងស្ថិតនៅ ក្រោមការសាកសួរ ពីចៅក្រម ។ លោកក៏បានបញ្ជាក់ផងដែរថា ៖ ជនជាតិវៀតណាមដែលតុលាការកំពុងធ្វើការសាកសួរ នេះសុទ្ធសឹងជាកម្មករ ដែល មានថៅកែវៀតណាម ជាអ្នកជួលមក ។ ចំណែកខាងខ្មែរវិញ មានលោក សេក វិរៈ ជានាយកក្រុមហ៊ុន នុភាពសុភី ដែលជាអ្នក ជួលគ្រឿងចក្រទាំងនេះ ចូលមកឈូសឆាយ ។
ពាក់ព័ន្ធករណីប្រភពមិនផ្លូវការតែអាចទុកចិត្តបានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនិងយកជនជាតិវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកត្រួសត្រាយឈូសឆាយផ្លូវដើម្បីអូសឈើនោះ គឺឈ្មោះណុប ណាក់ ហៅ(ណាក់ក្បាលធំ) បានយកលុយពីថៅកែវៀតលើកដំបូង៧០មុឺនដុល្លារ ។ ដល់ជនជាតិវៀត និងគ្រឿងចក្របានចូលទឹកដីកម្ពុជា ឈ្មោះណុប ណាក់ ហៅ(ណាក់ក្បាលធំ) បន្តយកចំនួន៥០មុឺនដុល្លារទៀត ពីថៅកែវៀតណាមឈ្មោះ(ដេវ)..និងឈ្មោះកុងចរហៅ(អាកូនឆ្កែ)ជាជនជាតិវៀតណាម ប៉ុន្តែចេះបកប្រែភាសាខ្មែរនិយាយបានដោយប៉ៃឡាំៗ ច្បាស់បានប្រមាណ៧០ទៅ៨០ភាគរយ ស្តាប់និងនិយាយខ្មែរបាន ។ យកលុយលើកទី២បានត្រឹម២ថ្ងៃ គឺដាក់លុយតាមវ៉ាលី ពណ៍ផ្កាឈូកសរុប៥០មុឺនដុល្លារ ខ្ចប់ថង់ខ្មៅនៅខាងក្នុងពេលប្រគល់អោយ ឈ្មោះណាក់ ហៅ(ណាក់ក្បាលធំ)នោះ តែជាលទ្ធផលគម្រោងបំផ្លាញព្រៃឈើនេះត្រូវបានបរាជ័យ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យេន ដឹកនាំបង្ក្រាប ក្រោមការបញ្ជាដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ។
តាមដំណឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ថៅកែវៀតណាមឈ្មោះ (ដេវ) ដែលអោយលុយឈ្មោះណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងឡើងមកខេត្តមណ្ឌលគិរី ដើម្បីរកអ្នកស្គាល់អោយជួយរត់ការបញ្ចៀសការឃុំខ្លួន ខណៈខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី បញ្ជូនខ្លួនជនជាតិវៀតណាម១២នាក់នោះ ទៅសាលាដំបូងខេត្តរតនគិរី ។ ទីបំផុតចៅក្រមសើបសួរសាលាដំបូងសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ៖ បទ «នាំ គ្រឿងចក្រឆ្លងដែនខុសច្បាប់ចូលមកក្នុង ទឹកដីកម្ពុជា » ។
ប្រភពអាចយកជាការបានក៏បង្ហើបថា៖ ឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី យកលុយទាំង២លើកចំនួន១លាន២សែនដុល្លារ ពីថៅកែវៀតណាមឈ្មោះ(ដេវ) គឺយកទៅរត់ការខ្លះ និងអស់តិចតួចបំផុត សំខាន់បានទិញឡាន (ហ្វត)ទំនើប១គ្រឿងអោយអ្នកធំម្នាក់នៅខេត្តរតនគិរី ដើម្បីសុំផ្លូវបម្រុងត្រួសត្រាយឈូសផ្លូវអូសឈើ តែបែកការណ៍ឈានដល់បង្ក្រាបតែម្តង ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រ ចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ ភូមិចង)ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម ។ តាមរយៈឈ្មោះ សេក វរៈ ប្រធានក្រុមហ៊ុននុភាពសុភី និងជនជាតិវៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ 2331 24 234 ។ ប៉ុន្តែលេចឮថា បម្រុងធ្វើកំណត់ហេតុស្តាប់ចម្លើយដាក់ថា៖ ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រ ចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៣,៨ ប្រយោជន៍ផុតការទទួលខុសត្រូវពីមេប៉ុស្តិ៍ការពារព្រំដែន៧១១ និងមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ ភូមិចង) ។ ករណីនេះបើខាងកម្លាំងកងរាជអាវុធហត្ថបើកការសើបអង្កេតស្រាវជ្រាវ តាមរយៈបណ្តឹងបរិហារ អាចស្រាវឃើញការពិត ខណៈ ឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី អតីតៈជាមេក្លោងធំជាងគេក្នុងមុខជំនួញឈើនៅខេត្តរតនគិរី ដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម មានតម្រុយពិរុទ្ធភាពខ្លះៗ គឺអាចអញ្ជើញគាត់មកបំភ្លឺដើម្បីអោយអស់មន្ទិលក្នុងបទល្មើសនេះ៕ សិលា