ភ្នំពេញ ៖ កម្ពុជានឹងបន្តកើនឡើងកម្តៅ អាចឈានដល់៤០-៤១អង្សាសេ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសប្តាហ៍នេះ ។ ក្រៅពីនេះស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងញឹកញាប់ និងមានឥទ្ធិពលខ្លាំង ។ ចំណែកការចាប់ផ្តើមដាំដុះស្រូវរដូវវស្សាធ្វើឲ្យការមកដល់នៃរដូវវស្សាយឺតជាងធម្មតា ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ចុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រុមអ្នកព្យាករក្រសួងធនធានទឹក និង ឧតុនិយម បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុឃើញដូចខាងក្រោមនេះថា ៖
១-មកដល់ពេលនេះបាតុភូត អ៊ែល នីណូ (El Nino) នៅតែមានឥទ្ធិពល និងបន្តគ្របដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី ។
២-សម្រាប់តំបន់ និងប្រទេសកម្ពុជា ក៏នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ ។
៣-កត្តានេះធ្វើឲ្យសីតុណ្ហភាពអតិបរមា នៅកម្ពុជាបន្តកើនឡើង នឹងអាចឈានដល់ ៤០ ទៅ ៤១ អង្សារសេ ក្នុងសប្តាហ៍នេះ ។
៤-ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងញឹកញាប់ នឹងមានឥទ្ធិពលខ្លាំង ។ ដូចនេះ សូមអំពាវនាវឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតទាំងពីរនេះ ។ ទន្ទឹមនេះក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ដែលអាចមានការប៉ះពាល់ ដោយ សារការកើនឡើងនៃកំដៅ ។
៥-ជាទម្លាប់ ក្រោយរដូវចូលឆ្នាំ បងប្អូនប្រជាកសិករតែងតែចាប់ផ្ដើមការដាំដុះស្រូវរដូវវស្សា ប៉ុន្តែដោយសារឆ្នាំនេះ យើងទទួលរងឥទ្ធិពល អ៊ែល នីណូ (El Nino) ធ្វើឲ្យការមកដល់នៃរដូវ វស្សាយឺតជាងធម្មតា ។ ដូចនេះការដាំដុះស្រូវវស្សាដើមរដូវ គួរចាប់ផ្ដើមនៅសប្ដាហ៍ទី៣នៃខែឧសភា ៕