ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកឈប់លើកលែងដល់ប្រទេសដែលទិញប្រេងពីអ៊ីរ៉ង់

ចែករំលែក៖

កន្លងមកអាមេរិក បានលើកលែង ដល់ប្រទេសមួយចំនួន រួចផុតពីទណ្ឌកម្មដោយអនុញ្ញាត ឲ្យបន្តទិញប្រេងពីអ៊ីរ៉ង់ ប៉ុន្តែនៅពេលនេះ អាមេរិកបានឈប់លើកលែង ហើយបើប្រទេសណានៅទិញប្រេងនោះ អាចនឹងទទួលរងការដាក់ទណ្ឌកម្ម ។

សកម្មភាពខាងលើរបស់អាមេរិក ត្រូវបានគេចាត់ទុកថា សម្តៅទៅលើប្រទេសចិន ហើយអាមេរិក អាចនឹងដាក់ទណ្ឌកម្ម ដល់ទីក្រុងប៉េកាំង ប្រសិនបើនៅបន្តទិញប្រេងពីអ៊ីរ៉ង់នោះ ។ កាលពីថ្ងៃទី២២ ខែមេសា រដ្ឋបាលលោកដូណាល់ ត្រាំ ប្រកាសថា នឹងគ្មានការលើកលែងទៀតទេ ការអនុញ្ញាតឲ្យប្រទេសទាំងឡាយជុំវិញពិភពលោក ទិញប្រេងឆៅពីប្រទេសអ៊ីរ៉ង់ ហើយមិនប្រឈមនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនោះ ។ រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក លោក Michael Pompeo នឹងថ្លែងសេចក្តីសម្រេចថ្មីមួយ នៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក) ។

ការសម្រេចចិត្តរបស់រដ្ឋបាលលោកដូណាល់ ត្រាំ បញ្ឈប់ការលើកលែងនេះ នឹងធ្វើឲ្យទីផ្សារថាមពលជួបនូវហានិភ័យ ជាពិសេសប្រទេសដែលនាំប្រេងពីប្រទេសអ៊ីរ៉ង់ដូចជាឥណ្ឌា និងចិន ជាដើម មានការមិនសប្បាយចិត្ត ដោយត្រូវប្រឈមទណ្ឌកម្មពីអាមេរិក បើនៅតែបន្តនាំប្រេងពីអ៊ីរ៉ង់នោះ ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ អាមេរិកបានលើកលែង មិនប្រឈមការដាក់ទណ្ឌកម្មនោះ ប្រទេសដែលនាំប្រេងពីអ៊ីរ៉ង់ ដូចជាប្រទេសចិន, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង,អ៊ីតាលី, ក្រិច, តួកគី និងតៃវ៉ាន់ ។ ការលើកលែងនេះ ផុតកំណត់ពេលចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩តទៅ ។

រដ្ឋបាលលោកដូណាល់ ត្រាំ ក៏នឹងប្រកាសផងដែរការអនុវត្តបែបខាងលើនេះ ទៅលើប្រទេសផ្គត់ផ្គង់ប្រេងផ្សេងទៀត រួមមាន ប្រទេស អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមជាដើម ដែលនឹងធ្វើឲ្យខាតបង់យ៉ាងខ្លាំង ដល់ទីផ្សារប្រេងឆៅប្រទេសអ៊ីរ៉ង់ ។

សូមបញ្ជាក់ថា ការសម្រេចចិត្ត មិនលើកលែងការដាក់ទណ្ឌកម្មរបស់រដ្ឋបាលលោកដូណាល់ ត្រាំ នាពេលនេះ គឺជ័យជំនះមួយរបស់លោកទីប្រឹក្សាសន្តិសុខជាតិ អាមេរិក John Bolton និងសម្ព័ន្ធមិត្តរបស់គាត់ហើយ ដែលធ្លាប់បានជំរុញថា អាមេរិកសន្យាដាក់ទណ្ឌកម្មខ្លាំងក្លាទៅលើអ៊ីរ៉ង់ ប៉ុន្តែពុំមានន័យអ្វីទាំងអស់ ដរាបណា ការលើកលែងនេះ នៅតែមានប្រសិទ្ធភាព ៕


ចែករំលែក៖