ខេត្តបាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀនយ៉ាងសកម្ម២នាក់ ប្រចាំស្រុកសំពៅលូនបាន រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូន ខណៈជនសង្ស័យធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ និងឆែកឆេរត្រួតពិនិត្យដកហូតគ្រឿងញៀនគ្រាប់មេតំហ្វេតាមីនWY១១០គ្រាប់ និងមេតំហ្វេតាមីនទឹកក២ថង់តូច ។ ការបង្រ្កាបកម្លាំងនគរបាលធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព និងភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពូលូន ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាលស្រុកសំពូលូនឲ្យដឹងថាការចុះបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀនហាមឃាត់ខុសច្បាប់ចាប់ជនសង្ស័យ២នាក់ ក្នុងប្រតិបត្តិការដើម្បីរក្សាភូមិឃុំមានសុវត្ថិភាព ក៏ដូចជាវិធានការទប់ស្កាត់បញ្ហាការរីករាលដាលគ្រឿងញៀននៅតំបន់ជាយដែនកម្ពុជា-ថៃ ។ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមុនដំបូងកម្លាំងនគរបាលបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឌុំ វ៉ាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង ÷ ថ្នាំញៀន យ៉ាម៉ាចំនួន ៨០គ្រាប់ , ថ្នាំញៀនម៉ាទឹកកកចំនួន ០២ ថង់ , ទូរស័ព្ទដៃចំនួន ០១ គ្រឿង ។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឌុំ វ៉ាន់នី និងមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្តបង្ក្រាប បានចំនួន ០១ករណីបន្ថែមទៀត នៅចំណុច ភូមិ ស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូនខេត្តបាត់ដំបង និង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត ឈ្មោះ ឡឹប ញ៉ក់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនខេត្តបាត់ដំបង ដកហូតវត្ថុតាង ថ្នាំញៀនយ៉ាម៉ា ចំនួន ៣០គ្រាប់ និងទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។
លោកអធិការបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ក្រោយពីកម្លាំងនគរបាលស្រុកសំពៅលូនសាកសួររួចហើយ និងបានកសាងសំណុំរឿងចាប់បញ្ជូនរួមនឹងវត្ថុតាង សមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បី ចាត់ការតាមនីតិវិធី៕ សំ វិច្ឆិកា