ភ្នំពេញ៖ មានករណីអគ្គិភ័យ២ ទីតាំងផ្សេងគ្នា នៅក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីទី១.រោងសិប្បកម្មអារឈើ ដ៏ធំមួយកន្លែង ដែលម្ចាស់ទុកចោល នៅសុខៗ បែរជាមានអណ្ដាតភ្លើងឆេះរាលដាលសន្ធោសន្ធៅ ចេញពីលើគំនរឈើ បង្កការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
អគ្គិភ័យនេះ បានកើតឡើងកាលម៉ោងជិត៨ព្រឹក ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយដី ថៃ ប៊ុនរ៉ុង តាមបណ្ដាយផ្លូវលេខ២០៥ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីភ្លើងឆេះនៅខាងក្រោយដី ថៃ ប៊ុនរ៉ុង ក្រោយមកសមត្ថកិច្ចប្រញាប់ប្រមូល កម្លាំងចុះទៅពិនិត្យមកដល់ទីតាំង ដែលរាយការណ៍នោះ ឃើញភ្លើងឆេះសន្ធោសន្ធៅ តែមិនអាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋទេ ដោយដីឡូត៍ដ៏ធំទុកចោលខាងលើនេះ ពីមុនជាសិប្បកម្មឈើ តែម្ចាស់ទុកចោលយូរហើយ រួចក៏សុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ។
សមត្ថកិច្ចបន្តថា ក្រោយពីមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុចំនួន៣គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ការខូចខាតគ្មាន ដោយសារភ្លើងឆេះកម្ទេចឈើគរទុកចោល មូលហេតុមិនដឹង ។ សួរកម្មករ ដែលនៅក្នុងដីឡូត៍និយាយថា សុខៗ ឃើញឆាបឆេះចេញអណ្ដាតភ្លើងតែម្ដង ។
ចំពោះករណីទី២ គឺឆ្លងចរន្តអគ្គិសនីកើតជាអគ្គិភ័យឆាបឆេះ ខ្សែភ្លើងនៅមុខភោជនីយដ្ឋាន ឃីង ហ្វូត តាមបណ្ដោយផ្លូវ ៥១៦ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោងជាង ១១ ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញ ៕ ជ្រោយពេជ្រ