ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យកើតឡើង២ករណីផ្សេងនៅខណ្ឌទួលគោក និងខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែមេសា

ចែករំលែក៖

ភ្នំពេញ៖ មានករណីអគ្គិភ័យ២ ទីតាំងផ្សេងគ្នា នៅក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីទី១.រោងសិប្បកម្មអារឈើ​ ដ៏ធំមួយកន្លែង ដែលម្ចាស់ទុកចោល នៅសុខៗ បែរជាមានអណ្ដាតភ្លើ​ងឆេះរាលដាលសន្ធោសន្ធៅ ចេញពីលើ​គំនរឈើ​ បង្កការភ្ញាក់ផ្អើ​លរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

អគ្គិភ័យ​នេះ បានកើ​តឡើ​ងកាលម៉ោងជិត៨ព្រឹក ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយដី ថៃ ប៊ុនរ៉ុង តាមបណ្ដាយផ្លូវលេខ២០៥ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើ​តហេតុ ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីភ្លើ​ងឆេះនៅខាងក្រោយដី ថៃ ប៊ុនរ៉ុង ក្រោយមកសមត្ថកិច្ចប្រញាប់ប្រមូល កម្លាំងចុះទៅពិនិត្យមកដល់ទីតាំង ដែលរាយការណ៍នោះ ឃើ​ញភ្លើ​ងឆេះសន្ធោសន្ធៅ តែមិនអាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋទេ ដោយដីឡូត៍ដ៏ធំទុកចោលខាងលើ​នេះ ពីមុនជាសិប្បកម្មឈើ តែម្ចាស់ទុកចោលយូរហើយ រួចក៏សុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ។

សមត្ថកិច្ចបន្តថា ក្រោយពីមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុចំនួន៣គ្រឿង បានប្រើ​ប្រាស់ទឹកអស់ចំនួន២គ្រឿង ការខូចខាតគ្មាន ដោយសារភ្លើ​ងឆេះកម្ទេចឈើគរទុកចោល មូលហេតុមិនដឹង ។ សួរកម្មករ ដែលនៅក្នុងដីឡូត៍និយាយថា សុខៗ ឃើ​ញឆាបឆេះចេញអណ្ដាតភ្លើងតែម្ដង ។

ចំពោះករណីទី២ គឺឆ្លងចរន្តអគ្គិសនីកើតជាអគ្គិភ័យឆាបឆេះ ខ្សែភ្លើងនៅមុខភោជនីយដ្ឋាន ឃីង ហ្វូត តាមបណ្ដោយផ្លូវ ៥១៦ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោងជាង ១១ ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖