ភ្នំពេញ៖ រថយន្តម៉ាកព្រូសមួយគ្រឿង ម្ចាស់បើកបរក្នុងល្បឿនលឿន ជ្រុលបុកបង្គោលសញ្ញាចរាចរណ៍ ការដ្ឋានដែលដាក់នៅចិញ្ញើមផ្លូវ បណ្តាលឲ្យអូសជាច្រើនម៉ែត្រ រងការខូចខាត កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខស្រាបៀអង្គ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AP 4073 ធ្វើដំណើរតាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរូស្ស៊ីនក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ បុករះបង្គោលសញ្ញាការដ្ឋាន ដែលដាក់ហាមឃាត់ ព្រោះទីតាំងនោះទើប នឹងស្ថាបនាផ្លូវរួចតែកំពុង ធ្វើគម្របលូ បណ្តាលឲ្យអូសជាច្រើនម៉ែត្រ រងការខូចខាតរថយន្តយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តទៅរក្សា ទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ