ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ ដេកស្លាប់ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ មត្ថកិច្ចបានឲ្យដឹងថា បានទទួលព័ត៌មានកាលពី០៦និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ថា មានករណីបុរសចំណាស់ម្នាក់ដេកស្លាប់ នៅចំណុចភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សពឈ្មោះ ថុន ធា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិស្មោញ ឃុំផាន់ញើម ស្រុប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ឃួន ពុន អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ បានបំភ្លឺថា៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣ រសៀលប្ដីរបស់គាត់ បានទៅហូបការគេនៅឯស្រុកស្ទោង លុះម៉ោងប្រហែល ៥ល្ងាចទើបគាត់ត្រឡប់ មកវិញ គាត់មិនចេះហូបស្រាទេ មកដល់ផ្ទះគាត់បានចូលទៅសម្រាកលើអង្រឹងក្រោមផ្ទះ មួយសន្ទុះក៏ឡើងទៅលើផ្ទះអង្គុយលេងនិងហូបពោតស្ងោជាមួយចៅៗ ពេលនោះគាត់បានសួរប្រពន្ធថា៖ យាយហូបបាយក៏អត់? គ្នាឆ្អែតហើយ ប្រពន្ធគាត់តបវិញថា ៖ ហូបក៏ហូបទៅ ប្ដីរបស់គាត់ក៏ដូសបាយហូប បន្ទាប់ពីហូបបាយរួច គាត់ទូរស័ព្ទទៅលេងកូននៅភ្នំពេញ មួយសន្ទុះក៏ចុះទៅ ដីដេកលេងលើអង្រឹងក្រោម ផ្ទះទៀត ចំណែកគាត់ (ប្រពន្ធ)នាំចៅៗ ដេកលេងលើផ្ទះ ដល់ម៉ោងប្រហែល ២០ ប្ដីគាត់បានឡើងមកដេកលើផ្ទះវិញ ។

ប្រភពបន្តថា លុះដល់ម៉ោងប្រហែល២៤គាត់បានលឺសម្លេងប្ដីគាត់ស្រម៉ុកខ្សុលៗ ហើយខ្លាំងៗ គាត់បានស្រែកឲ្យថា៖ តានេះដេកលឿនម្លេះ? ហើយស្រម៉ុកលឺៗទៀត ភ្ញាក់គេភ្ញាក់ឯងក្នុងភូមិអស់ហើយ គាត់និយាយបណ្ដើរ យកដៃទៅអង្រួនបណ្ដើរ តែប្ដីគាត់មិនតបសោះ និងមានសភាពដូចជាមិនស្រួល គាត់ក៏ស្រែកហៅកូនៗឲ្យមកជួយធ្វើចលនា និងបានរត់ទៅហៅបងប្អូនក្នុងភូមិមកជួយទៀត បងប្អូនក្នុងភូមិក៏ផ្អើលឈូរឆរ មកជួយ តែប្ដីគាត់មិនធូរស្បើយសោះ ដល់ម៉ោងប្រហែល ២៤និង៣៥នាទីរលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែ មេសាឆ្នាំ២០១៩ ប្ដីរបស់គាត់បានបញ្ឈរភ្នែក ហើយដាច់ខ្យល់ស្លាប់តែម្ដង ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុក ប៉ុស្ដិ៍នគរបាលផាន់ញើម និងអាជ្ញាធរភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ដោយសន្និដ្ឋាន ស្លាប់ដោយសារ គាំងបេះដូងប្រាកដមែន រយចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖