ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថា សុំឲ្យងាកមកគាំទ្រមុខរបរដាំបន្លែរបស់យើងវិញ ដើម្បីជួយពលរដ្នយើងឲ្យផុតពីភាពក្រីក្រ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទយកមុខរបរដាំបន្លែបង្កាធ្វើជាមុខរបរ បន្ទាប់ពីដាំណាំស្រូវ ព្រោះ បន្លែបង្កាគឺជាអាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សបរិភោគជាប្រចាំថ្ងៃ ហើយការដាំបន្លែក៏ជាប្រភពចំណូលមួយដ៏ធំសម្រាប់ពលរដ្នកាត់បន្ថយភាពក្រីក្រ ។

បច្ចុប្បន្នមុខរបរដាំបន្លែហាក់ដូចជាមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់នូវ បច្ចេកទេស និងប្រព័ន្ធស្រោចស្រពបែបទំនើប កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សនិងចំណេញពេលវេលា ដោយគេប្រើប្រាស់ម៉ាស៊ីនជាជំនួយការ ក្នុងការស្រោចស្រោចស្រពដំណាំដោយប្រើប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធសាច ។

ជាមួយគ្នានេះដែរលោក ហ៊ន សុផល ជាប្រជាពលរដ្ឋដែលរស់នៅ ភូមិភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សព្វថ្ងៃលោកប្រកបមុខរបរដាំបន្លែប៉េងប៉ោះ ត្រសក់ សណ្ដែក ដើម្បីលក់នៅលើទីផ្សារខេត្តកំពង់ធំនៅក្នុងតម្លៃមួយដែលលោកអាចទទួលយកបាន.ក្នុងនោះដែរដំណាំ ប៉េងប៉ោះ ជាដំណាំមួយដែលលោកបានលើកឡើងថា ប្រើពេលដាំរហូតដល់ទទួលផលគឺរយៈពេល 1 ខែកន្លះ ទើបទទួលផល លោកបានដាំនៅក្នុងដីទំហំ 13 អា ប្រមូលផលសរុបបានចន្លោះពី 8 លានទៅ 9 លានរៀល ដោយក្នុងមួយគីឡូលោកអាចលក់បានតម្លៃចាប់ពី 2000 រៀលទៅ 3000 រៀល ហើយការចំណាយថ្លៃដើមសម្រាប់ដំណាំប៉េងប៉ោះនេះអស់ប្រហែល 2 លានរៀលតែប៉ុណ្ណោះ សរុបមកលោកទទួលបានប្រាក់ចំណេញរយៈពេល 3 ខែបានជាង 6 លានរៀល. កត្តានេះបញ្ជាក់ឲ្យឃើញថាការដាំបន្លែគឺពិតជាទទួលបានប្រាក់ចំណូលមិនចាញ់ការប្រកបរបរផ្សេងនោះឡើយ ហើយវាក៏ជាចំណែកមួយដើម្បីចូលរួមការកាត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខាងផងដែរ ។

លោកបានបន្តថាការដាំបន្លែ គឺលោកប្រើប្រាស់នូវជីធម្មជាតិ ច្រើនជាងការប្រើប្រាស់ជីគីមី ហើយទិន្នផលដែលលោកទទួលបាន ងាយស្រួលលក់ បងប្អូនប្រជាពលរដ្ឋទិញយកទៅបរិភោគមិនប៉ះពាល់ដល់សុខភាពនោះឡើយ ពីព្រោះថាការដាំបន្លែនេះគឺលោកគោរពទៅតាម គោលការណ៍សុខភាពជាចំបង ។

លោកហ៊ន សុផល បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានការងារធ្វើមិនច្បាស់លាស់ អាចងាកមកប្រកបមុខរបរដាំបន្លែទៅតាមលក្ខណៈបច្ចេកទេសដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ ៕ ប៊ុនរិទ្ធី


ចែករំលែក៖