ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៣នាក់ នៅទីតាំងម៉ាស្សាយីហោ “កោសជប់ម៉ាស្សា១ម៉ឺនរៀល” បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងម៉ាស្សាយីហោ “កោសជប់ម៉ាស្សា១ម៉ឺនរៀល” បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌដង្កោ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន២នាក់ ។

ករណីបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់នាថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ដោយមានចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីលោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា ស្រ្តីម្ចាស់ទីតាំងឈ្មោះ ជីង ថាហៅអូន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាល បានឲ្យដឹងទៀតថា ទីតាំងម៉ាស្សាកោសជប់ យីហោកោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៧យប់ រហូតដល់យប់ជ្រៅរំលងអធ្រាត ដោយមាននារីក្មេងចំនួន២នាក់ រង់ចាំភ្ញៀវមកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី២៥ដុល្លារ ទៅ៣០ដុល្លារក្នុងមួយដង ។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ក្នុងនោះនារីរងគ្រោះចំនួន២នាក់អនីតិជនទាំង២នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមាន៖ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនថែមទាំងមានលុយដុល្លារក្លែងក្លាយមួយចំនួនផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ ។

សូមបញ្ជាក់ផងដែរថា ក្រោយបញ្ច ប់ការសាកសួរ ស្រីម្ចាស់ទីតាំងត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី ។ ចំណែកនារីរងគ្រោះទាំង២នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ស រស្មី


ចែករំលែក៖