ភ្នំពេញ៖ ជនសង្ស័យ០២នាក់ឃើញជនបរទេសកំពង់តែថតស៊ែលហ្វី ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ តែសំណាងអាក្រក់រត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលម៉ោង១៦ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះ ១-ឈ្មោះ ធុន ថុល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិទួល សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ២-ឈ្មោះ ជឹម សុខ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិសុភី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ មិនស្គាល់ភិនភាគទៅបាត់ក្រោយកើតហេតុ ។
សម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកណ្តាល 1Q-4063 (របស់ជនសង្ស័យ) ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សជុំគ្នា ដោយមានការសង្ស័យ កម្លាំងល្បាតបានចូលទៅត្រួតពិនិត្យ ឃើញមានប្រជាពលរដ្ឋកំពុងនាំគ្នាវាយទៅលើជនសង្ស័យទាំង២នាក់ រួចស្រែកថាចោរៗ ឆក់ទូរសព្ទ័ដៃ បន្ទាប់មកកម្លាំងល្បាតយើងបាននាំខ្លួនជនសង្ស័យយកមកសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកជនរងគ្រោះបានចាកចេញពីកន្លែងកើតហេតុបាត់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ តុង សីហា